ភ្នំពេញៈ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោកអូន ស៊ីតណាត នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង បានប្រាប់ថាបទល្មើសនេសាទក្នុងខេត្តព្រៃវែងថយចុះបានដោយសារមានការចូលរួមតាមឃ្លាំមើលពីអាជ្ញាធរមូលដ្ឋាននិងសហគមន៍នេសាទដែលបានផ្តល់ដំណឹងមកជលផលឱ្យចុះធ្វើការបង្ក្រាបបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
លោកអូន ស៊ីតណាត នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែងបានប្រាប់ទៀតថា បើពឹងទៅលើកម្លាំងជំនាញជលផលគឺមិនអាចទប់ស្កាត់បទល្មើសនេសាទបានទេ ដោយសារកម្លាំងមាន តិចតួចណាស់ហើយពេលទៅដល់កន្លែងណាអ្នកនេសាទខុសច្បាប់បានស្គាល់ច្បាស់រត់គេចអស់នៅសល់តែវត្ថុតាងគ្មានម្ចាស់ ។
កម្លាំងជលផលពីមួយឆ្នាំទៅមួយឆ្នាំថយចុះជាលំដាប់ដោយសារដល់អាយុចូលនិវត្តហើយមិនមានគោលការណ៍ឱ្យរើសថ្មីមកបំពេញបន្ថែម។
ពាក់ព័ន្ធទៅនឹងការងារបង្ក្រាបបទល្មើសនេសាទនេះកាលពីថ្ងៃទី២៧ ខែធ្នូ ផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់នេសាទរដ្ឋបាលជលផលទួលតាកែវ ចុះ ស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផលនៅចំណុចក៏ព្រែកបាទង សហគមន៍នេសាទបាទងសាមគ្គី៧មករានៅភូមិពាមស្តី ឃុំព្រែកជ្រៃ ស្រុកពោធិរៀង បានមួយករណីដោយបំផ្លាញចោលលូសាច់អួនចំនួន៦មាត់, របាំងសាច់អួនប្រវែង២១០ម៉ែត្រ និងចម្រឹងចំនួន១៤០ដើម៕