ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ធ្វើបទបង្ហាញសិក្សាស្វែងយល់អំពីការងារគ្រប់គ្រងប្រើប្រាស់ និងរក្សាទុកវ៉ាក់សាំង PFIZER ជូនដល់ក្រុមគ្រូពេទ្យមកពីយោធភូមិភាគទី៥

————————-
ភ្នំពេញ៖ នៅថ្ងៃច័ន្ទទី៣១ ខែមករា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ទួលត្រាចស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានទទួលស្វាគមន៍ក្រុមគ្រូពេទ្យចំនួន៤៦ នាក់ មកពីយោធភូមិភាគទី៥ មកសិក្សាស្វែងយល់អំពីការងាររក្សាទុកវ៉ាក់សាំង និងការរៀបចំចាក់វ៉ាក់សាំង PFIZER (ដូសទី៤)ជាមួយក្រុមគ្រូពេទ្យ បញ្ជាការដ្ឋានការពារអាកាសកង ទ័ពជើងគោក ។
លោកស្រី អនុសេនីយ៍ឯក ចិន វិបុល នាយរងផ្នែកសុខាភិបាល បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានឡើងអានខ្លឹមសារបច្ចេកទេសស្តីអំពីការរក្សាទុកវ៉ាក់សាំង PFIZER និងការរៀបចំចាក់វ៉ាក់សាំង PFIZER (ដូសទី៤) ជូនអង្គពិធី និងបានធ្វើបទបង្ហាញខ្លីៗអំពីនីតិវិធីនៃការរក្សាទុក និងការប្រើប្រាស់វ៉ាក់សាំងប្រភេទ Pfizer ដែលផ្ដោតលើខ្លឹមសារសំខាន់ៗរួមមាន ការរក្សាទុក និងការគ្រប់គ្រងសីតុណ្ហភាព ការរំលាយវ៉ាក់សាំងPfizer ការលាយវ៉ាក់សាំង Pfizer មុនពេលចាក់ ការចាក់វ៉ាក់សាំង Pfizer ការគ្រប់គ្រងកាកសំណល់ ការកាត់បន្ថយការខាតបង់វ៉ាក់សាំង ។ល។ ដើម្បីឲ្យក្រុមគ្រូពេទ្យមកពីយោភូមិភាគទី៤ បានកត់ត្រា និងស្វែងយល់ច្បាស់លាស់អំពីនីតិវិធីនៃការគ្រប់គ្រងរក្សាទុក និងការប្រើប្រាស់ ធានាពេលត្រឡប់ទៅវិញចាត់តាំងអនុវត្តផ្ដល់សេវាវ៉ាក់សាំងpfizer (ដូសទី៤) ជូនជនរួមជាតិយើងទទួលបានជោគជ័យ។
ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមគ្រូពេទ្យមកពីយោធភូមិភាគទី៥ និងបានលើកឡើងអំពីប្រវត្តិខ្លះៗអំពីជំនាញការពារអាកាស តាំងពីការកកើតរហូតមកដល់បច្ចុប្បន្ន ថាមានការរីកចម្រើនគួរឲ្យកត់សម្គាល់តាំងពីរចនាសម្ព័ន្ធចាត់តាំងគ្រឿងបំពាក់ និងធនធានកងកម្លាំង។ ងាកមកវិញ ឯកឧត្តម បានលើកអំពីការងារគ្រប់គ្រប់ និងទប់ស្កាត់វិរុសកូវីដ-១៩ យើងមានរាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃតែងតែគិតគូរដល់សុខទុក្ខ សុខមាលភាពសាធារណៈ និងការអភិវឌ្ឍជាតិឲ្យជឿលឿនលើគ្រប់វិស័យជូនជនរួមជាតិ សម្ដេច បានទិញវ៉ាក់សាំងនឹងស្វះស្វែងរកជំនួយវ៉ាក់សាំងទាំងជាតិ និងអន្តរជាតិ សំដៅយកមកចាក់ជូនជនរួមជាតិយើងដោយឥតគិតថ្លៃដើម្បីទប់ស្កាត់គ្រោះមហន្តរាយវិរុសកូវីដ-១៩ ជាពិសេសកម្ពុជាយើងមានមោទនភាពក្រៃលែងណាស់ដោយមានលទ្ធភាពផ្ដល់សេវាវ៉ាក់សាំងជូនប្រជាពលរដ្ឋមួយចំនួនធំប្រហែលជាជាង៩០ ភាគរយ បានទទួលសេវាវ៉ាក់សាំងដូសទី៣រួចរាល់ និងប្រហែលជាជិត២០ ភាគរយទៀតក៏បានទទួលវ៉ាក់សាំងដូសទី៤រួចរាល់ដែរ។
ឯកឧត្តម បានបញ្ជាក់បន្ថែមអំពីគ្រោះមហន្តរាយរបស់វិរុសកូវីតដ-១៩ កន្លងមកនេះថាបានមកបំផ្លាញ និងយាយីអាយុជីវិតជនរួមជាតិយើងក្នុងប្រទេស ក្នុងតំបន់ និងនៅលើពិភពលោកអស់រាប់សិបលាននាក់ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់ក៏ដូចជាសេដ្ឋកិច្ចសកលផងដែរ។
លោកមេបញ្ជាការ បានឲ្យជំនាញក្រុមគ្រូពេទ្យទាំងពីរអង្គភាព បន្តសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់អំពីកម្រិតបច្ចេកទេសការគ្រប់គ្រងរក្សាទុក និងការប្រើប្រាស់ដើម្បីធានាឲ្យបានត្រឹមត្រូវតាមស្តង់ដារបទដ្ឋានបច្ចេកទេសរបស់វ៉ាក់សាំង (pfizer) និងសូមផ្ដាំផ្ញើឱ្យបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយជាសាធារណៈនូវគុណតម្លៃនៃវាក់សាំង នឹងបន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួនដដែលទោះបីយើងបានទទួលសេវាវ៉ាក់សាំងដូសទី៤ រួចហើយក៏ដោយ៕
nmr