ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹងរបស់ ​អគ្គនាយកដ្ឋានពន្ធដារ ស្ដីពីការត្រួតពិនិត្យសន្លឹប័ណ្ណបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣១ខែមករាឆ្នាំ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី

ការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១។

អគ្គនាយកដ្ឋានពន្ធដារមានកិត្តិយសសូមជម្រាបជូនម្ចាស់យានយន្តទាំងអស់មេត្តាជ្រាបថា អនុលោមតាមប្រកាស លេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងចំណារឯកភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លើ លិខិតលេខ ១០៧៦៥ សហវ.អពដ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារចម្រុះ រាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យការប្រកាស បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២២ តទៅ ។

ក្នុងករណីម្ចាស់យានយន្តខកខាន មិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំ ឆ្នាំ២០២១កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅ ធនាគារកម្ពុជាសាធារណះ ឬនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារ ស្ថាបនា ភីអិលស៊ី ឬនៅធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឬនៅធនាគារវឌ្ឍនះ អាស៊ីចំកាត់ (ABA) ឬអាចបង់តាមរយះកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្ត ដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយ ដឹកជញ្ជូននិង យានជំនិះគ្រប់ប្រភេទកន្លងមក។

ទទួលបានសេចក្តីជូនដំណឹងនេះ អគ្គនាយកដ្ឋានពន្ធដារមានក្ដីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់ នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ និងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីចៀសវាងនូវក្រុមការងារចម្រុះ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវ តម្រូវឱ្យបង់ប្រាក់ពន្ធ ដែលនាំឱ្យខកខានពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរដែលអាច កើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយជាយថាហេតុ ៕

nmr