ព័ត៌មានជាតិ

ជូបជំសាច់ញាតិមកលេងល្អពេកតែបែរជាជូបរឿងអកុសលទៅវិញ

ខេត្តបន្ទាយមានជ័យ ៖ លំនៅឋានមួយខ្នងបានក្លាយជាចំណីព្រះអគ្គី បន្ទាប់ពីសាច់ញាតិមកពីអាមេរិកនិងបារាំងមកលេង ជាការដឹងគុណដែលធ្លាប់មើលភ្នែកឈឺឱ្យជា និងបានឡើងលើផ្ទះអុជធូបគោរពបូជាទីសក្ការៈ រួចហើយនាំទៅវត្តបង្សុកូល លុះមកវិញភ្លើងឆេះផ្ទះអស់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ នៅភូមិចកកើត ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។
ម្ចាស់ផ្ទះខាងលើមានឈ្មោះ រស់ បូរ ភេទស្រី អាយុ៨៨ឆ្នាំ ជាស្ត្រីមេម៉ាយ ។ សាច់ញាតិបានប្រាប់ថា មុនភ្លើងឆេះផ្ទះគឺមានសាច់ញាតិជាអាណិកជនមកពីសហរដ្ឋអាមេរិក បារាំង ក្រុងប៉ោយប៉ែត និងស្រុកក្រឡាញ់ ខេត្តសៀមរាប ជិះរថយន្ត៣គ្រឿងមានគ្នាជិត៣០នាក់មកលេងផ្ទះ។
ដោយសារសាច់ញាតិនៅបារាំង កាលរស់នៅស្រុកខ្មែរធ្លាប់មានជំងឺភ្នែកឡើងបាយ ហើយលោកតា ប៉ាន់ ងាន ជាគ្រូខ្មែរដែលពេលនោះមានអាយុ៧៨ឆ្នាំ បានមើលជំងឺភ្នែកគាត់ជា មុនពេលគាត់ទៅរស់នៅប្រទេសបារាំង ។ ពេលនេះ លោកតា ប៉ាន់ ងាន បានស្លា.ប់ហើយ ។នៅពេលត្រឡប់មកលេងស្រុកខ្មែរ នៅស្រុកកំណើតស្រុកក្រឡាញ់ ខេត្តសៀមរាប ក៏បានហួសមកលេងជាមួយលោកយាយ រស់ បូរ ជាប្រពន្ធលោកតា ជាការដឹងគុណដែលធ្លាប់មើលភ្នែកគាត់ជា ។ ជាមួយនេះ បានឡើងលើផ្ទះអុជធូបនៅអាសនៈទាំងគ្រួសារសាច់ញាតិមកពីបរទេស ហើយនាំគ្នាទៅបង្សុកូលជូនវិញ្ញាណក្ខន្ធលោកតា ប៉ាន់ ងាន នៅចេតិយវត្តចក ។
មុនពេលទៅវត្ត លោកយាយម្ចាស់ផ្ទះឱ្យចៅស្រីដែលនៅជាមួយមើលផ្ទះ តែដល់ម៉ោងកូនចេញពីរៀនគាត់ក៏បានទៅយកកូននៅឯសាលា លុះត្រឡប់មកវិញ គឺភ្លើងឆេះផ្ទះរយៈពេលប្រមាណ១០នាទីទៅហើយ គឺអស់រលីងទាំងទ្រព្យសម្បត្តិលើផ្ទះគ្មានសល់ ។
សាច់ញាតិលោកយាយ រស់ បូរ បាននិយាយថា ការឆេះផ្ទះនេះ គឺបណ្តាលមកពីអុជធូបនៅលើអាសនៈក្នុងផ្ទះ ហើយវាំងននត្រូវខ្យល់ប៉ើងទៅប៉ះនឹងភ្លើងធូបក៏រាលឆេះផ្ទះអស់ទាំងស្រុងតែម្តង ។ ប៉ុន្តែក្រុមសាច់ញាតិមកពីស្រុកក្រៅប្រាប់ថា កុំភ័យអី ចាំពួកគាត់រៃលុយគ្នាធ្វើផ្ទះឱ្យថ្មី ។ នៅពេលសាច់ញាតិទាំងនោះត្រឡប់ទៅវិញ បានឱ្យលុយចំនួន២.០០០ដុល្លារសម្រាប់ធ្វើផ្ទះ តែមិនគ្រប់នោះទេ ទើបគាត់តាមសុំដល់ស្រុកក្រឡាញ់ ខេត្តសៀមរាប ឲ្យជួយបន្ថែមដើម្បីមានលទ្ធភាពធ្វើផ្ទះថ្មីបាន ។
យោងតាមរបាយការណ៍របស់នគរបាលស្រុកមង្គលបូរីថា អគ្គិភ័យដែលឆេះផ្ទះ១ខ្នងនោះ គឺបណ្តាលឆ្លងចរន្តអគ្គិសនី មិនមែនមកពីភ្លើងធូបទេ ។ ផ្ទះនេះត្រូវភ្លើងឆេះអស់ប្រមាណ៨០% ជាផ្ទះឈើប្រក់ស័ង្កសីទំហំ១២ម៉ែត្រគុណនឹង៩ម៉ែត្រ និងលុយ២០ម៉ឺនរៀល ទូដាក់ខោអាវ២ និងម៉ាស៊ីបោកខោអាវ១គ្រឿងសម្លៀកបំពាក់អស់ទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១គ្រឿងនិងកងកម្លាំងជួយអន្តរាគមន៍ពន្លត់ ៕

nmr