ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ក្រុមចោរជំនាញលួចគាស់ទូរដែកក្នុងរោងចក្រកាត់ដេរយកលុយអស់ជិត១លានដុល្លារអាមេរិកនៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ករណីចោរលួចគាស់ទូរដែកនៅរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ស្ថិតក្នុង ភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានប្រភពព័ត៌មានពីកម្លាំងនគរបាលខេត្តពោធិ៍សាត់ ទម្លាយឱ្យដឹងនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ថា គឺបាត់លុយ ចំនួន ៩៨១,០០០ដុល្លារអាមេរិក នៅសល់លុយខ្មែរ ៩,៧៩១,៥០០រៀល។
តាមការវិភាគ និងតម្រុយផ្សេងៗរបស់សមត្ថកិច្ច បានបង្ហើបថា ករណីខាងលើនេះ ក្រុមចោរអាចមានគ្នាចាប់ពី ៤នាក់ឡើងទៅ ប៉ុន្តែមិនទាន់កំណត់អត្តសញ្ញាណនៅឡើយទេ។ ក្រោយធ្វើសកម្មភាព ក្រុមជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោលអស់ហើយ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ ស្វែងរកមុខសញ្ញា ដើម្បីចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា ហេតុការណ៍ចោរលួចគាស់ទូរដែកនៅរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ក្នុងខេត្តពោធិ៍សាត់ នេះ បានកើតឡើងកាលពីវេលាម៉ោង ០១ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបន្ទប់គណនេយ្យ ក្នុងរោងចក្រកាត់ដេរតែម្ដង៕

nmr