កំពង់ឆ្នាំង: អនុវត្តទៅតាមផែនការរបស់ គណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តកំពង់ឆ្នាំង លោក ចេង ចាន់ដូណា ប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលស្រុកបរិបូណ៌ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ បានដឹកនាំសមត្ថកិច្ចចម្រុះ បន្តចុះ រុះរើ វាយកម្ទេចចោល ផ្ទះពីរខ្នងទៀត នៅពីខាងមុខផ្សារពន្លៃ ស្រុកបរិបូណ៌ ដែលទទួលបានប្រាក់ គោលនយោបាយ របស់អន្តរក្រសួងរួច ហើយ នៅតែមិនព្រមរុះរើផ្ទះ ដែលប៉ះពាល់ដល់ ការសាងសង់ ផ្លូវជាតិលេខ៥។
ក៏ជាអភិបាលស្រុកបរិបូណ៌ដែរនោះ លោក ចេង ចាន់ដូណា បានឲ្យដឹងថាៈ ផ្ទះប្រជាពលរដ្ឋ ដែលនៅតែរឹងរូស មិនព្រមគោរពទៅតាមកិច្ចសន្យា ជាមួយ អន្តរក្រសួង ក្រោយពីបានទទួល ថវិកាដោះ ស្រាយផលប៉ះពាល់ ក្នុងការ កសាងផ្លូវជាតិលេខ៥នេះ មានចំនួន ៥ ខ្នង ។
ដោយឡែក រដ្ឋបាលស្រុក បានធ្វើការណែនាំអប់រំ ជាច្រើនលើកច្រើនសារ មកហើយ នៅតែមិនស្ម័គ្រចិត្តរុះរើផ្ទះចេញនោះ ទើបកាលពីសប្តាហ៍មុន ក្រុមសមត្ថកិច្ចចម្រុះថ្នាក់ខេត្ត និងថ្នាក់ស្រុក បានប្រើប្រាស់វិធានការរដ្ឋបាល សហ ការជាមួយក្រុមហ៊ុនកសាងផ្លូវជាតិលេខ៥ រុះរើ និងវាយកម្ទេចចោល រួចរាល់អស់ហើយ នៅសល់ ៣ ខ្នងទៀត កំពុងបន្តរុះរើ វាយកម្ទេចចោល ឲ្យរួចរាល់ នៅក្នុងសប្តាហ៍នេះ ដើម្បីទុកលទ្ធភាពឲ្យក្រុមហ៊ុនជប៉ុន បន្តការកសាងផ្លូវជាតិលេខ៥ ទៅតាមផែនការរបស់ប្រ មុខរាជរដ្ឋាភិបាលកម្ពុជា ។
សូមបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាល ផ្លូវជាតិលេខ៥ ពីខេត្ត កណ្តាល ទៅដល់ខេត្តបាត់ដំបង ត្រូវបានជួសជុលកសាង ដោយក្រុមហ៊ុនជប៉ុន ឲ្យក្លាយទៅជា ផ្លូវអាស៊ាន មានទទឹងធំ អាចបើកបររថយន្ត ទៅមកបានដោយងាយស្រួល ស្របតាមការរីកច ម្រើនរបស់ប្រទេសជាតិ ។ បើតាមគម្រោងផ្លូវជាតិលេខ៥ នេះ នឹងត្រូវបញ្ចប់ការកសាង នៅចុងឆ្នាំ២០២២ នេះ។ ការជួសជុលកសាងផ្លូវជាតិលេខ៥នេះ ពិតជាធ្វើឲ្យប្រជាពលរដ្ឋ មានការគាំទ្រ និងរីករាយសប្បាយចិត្ត យ៉ាងខ្លាំងផងដែរ ។ ព្រោះរាល់ផល ប៉ះពាល់ដីស្រែ និងផ្ទះសម្បែងនានា របស់ប្រជាពលរដ្ឋ ដើម្បីកសាងផ្លូវជាតិនេះ គឺក្រុមការងារអន្តរក្រសួង សុទ្ធតែបានសិក្សាផ្ដល់សំណង យ៉ាងសមរម្យ ។
ទោះបីយ៉ាងនេះក៏ដោយ ក៏នៅមានប្រជាពលរដ្ឋ មួយចំនួនតូចតែប៉ុណ្ណោះ ដែលបានទទួលថវិកា ដោះស្រាយផលផលប៉ះពាល់ហើយ មានការរឹងរូស មិនព្រមរើផ្ទះ និងរើឥវ៉ាន់ចេញ ដែលចុងក្រោយ គឺត្រូវតែអនុវត្តវិធានការរដ្ឋបាល ៕