លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មិនចម្លែកចិត្តនៅពេលដែលប្រទេសលោកខាងលិច និងអង្គការទទួលថវិកាពីបរទេស រិះគន់កម្ពុជារឿងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ពិសេសក្រោយការចាប់ខ្លួនស្ត្រីឈ្មោះ សេង ធារី ថ្មីៗនេះ។ លោក បានរំលឹកពីសំណួររបស់លោកកាលពីជាង ៩០ថ្ងៃមុន ពាក់ព័ន្ធប្រទេសលោកខាងលិចបិទសារព័ត៌មានធំៗរបស់ប្រទេសរុស្ស៊ី និងព្រមានរាល់ការផ្សាយនានារបស់រុស្ស៊ី ចាប់តាំងពីផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមក ថាតើពួកគេប្រើជញ្ជីងតែមួយរឿងសេរីភាពនៃការបញ្ចេញមតិឬយ៉ាងណា?
តាមរយៈទំព័រហ្វេសប៊ុក នាថ្ងៃទី១៦មិថុនានេះ លោក ខៀវ កាញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា៖ ដូចបាននិយាយពីមុនអញ្ចឹង ! គ្រាន់តែតុលាការកម្ពុជាកាត់ទោសកូនជឹងគេភ្លាម លោកច្រមុះស្រួច អង្គការច្រមុះស្រួច និង អង្គការសុីលុយពីច្រមុះស្រួច ស្រែកខ្ទរខ្ទារពីរឿង«សេរីភាពនៃការបញ្ចេញមតិ» តែពួកគាត់ធ្វើមិនដឹងពីសំនួរដែលខ្ញុំសួរកាលពីជាង ៩០ ថ្ងៃមុន ដែលថា «ហេតុអី»គាត់បិទ Russia Today, Sputnik និង ដាក់សារព្រមានលើរាល់ការផ្សាយនានារបស់រុស្សុី ចាប់តាំងពីមានសង្គ្រាមរុស្សុី-អ៊ុយក្រែន មក ? កម្ពុជា ប្រឆាំងការវាយលុករបស់រុស្សុីទៅលើអ៊ុយក្រែន ឈរលើគោលការណ៍ដែលសម្តេចតេជោបានលើកហើយ គឺកម្ពុជាប្រឆាំងរាល់ការគំរាមប្រើកម្លាំង និង ការប្រើកម្លាំងក្នុងរាល់ដំណោះស្រាយរវាងប្រទេសមួយនិងប្រទេសមួយ ប៉ុន្តែចង់ដឹងថាតើពួកគាត់ប្រើជញ្ជីងតែមួយក្នុងរឿង«សេរីភាពនៃការបញ្ចេញមតិ»នេះ ឬ យ៉ាងណា ?