ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមដល់ការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ ហ្លួងម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសារលិខិតថ្លែងអំណរគុណ និងព្រះរាជទ្រព្យចំនួន ២០.០០០ដុល្លារ (ពីរម៉ឺនដុល្លារអាម៉េរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ ហ្លួងម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ។
ព្រះរាជសារលិខិត និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះ ត្រូវបាន ឯកឧត្តម ឡាច សុភាព ប្រធាននាយកដ្ឋានពិធីការ នៃក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលតំណាងដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃពុធ ទី ២២ ខែមិថុនា ឆ្នាំ២០២២នេះ។
បន្ទាប់ពីបានទទួលព្រះរាជសារលិខិត និងព្រះរាជទ្រព្យរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយយ៉ាងក្រៃលែង និងថ្វាយព្រះអំណរព្រះរាជគុណ ចំពោះព្រះរាជទ្រព្យដ៏ឧត្ដុង្គឧត្តម ចំនួន 20.000USD (ម្ភៃពាន់ដុល្លារសហរដ្ឋអាម៉េរិក) ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមដល់ក្រុមការងាររៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២»។
ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា ៖ «ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញាត្តប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះ សម្រាប់សាងសង់កន្លែងលាងដៃក្នុងសាលារៀន ជូនដល់សិស្សានុសិស្សនៅតាមទីជនបទក្នុងព្រះរាជាណាចក្រកម្ពុជា ថ្វាយជាសមិទ្ធផលដ៏ឧត្ដុង្គឧត្ដមនៃ ហ្លួងម៉ែ ជាទីគោរពសក្ការៈ ព្រោះកាកបាទក្រហមកម្ពុជា បានដោះស្រាយការចំណាយថវិកាជូនក្រុមការងាររៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរួចរាល់ហើយ។ ខ្ញុំម្ចាស់ ចងចាំជានិច្ចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ និងសហការី ជាការលើកទឹកចិត្តដល់ខ្ញុំម្ចាស់ ក្នុងការដឹកនាំការងារមនុស្សធម៌ ដើម្បីជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានា ក្នុងលោកទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់សម្រាប់ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទូត របស់ព្រះអង្គជ្រកកោនតរៀងទៅ៕»
ខាងក្រោមជាខ្លឹមសារទាំងស្រុង នៃព្រះរាជសារលិខិតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសារលិខិតថ្លែងអំណរព្រះរាជគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៖
nmr