ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

រថយន្តកូរ៉េរបស់ក្រុមហ៊ុនដឹកកញ្ចក់មួយគ្រឿង បើកបុករថយន្តតាកូម៉ាចំពីក្រោយរួចបើករត់ទៅបុករថយន្តឡិចស៊ីស៣៣០ មួយគ្រឿងទៀត ផ្អើលពលរដ្ឋដេញចាប់ទើបឃាត់រថយន្តបង្កបាននៅផ្លូវជាតិលេខ៣

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តកូរ៉េរបស់ក្រុមហ៊ុនដឹកកញ្ចក់មួយគ្រឿង បានបើកជ្រុលទៅបុកពីក្រោយរថយន្តតាកូម៉ា កំពុងឈប់ចតលើចិញ្ចើមផ្លូវ បណ្តាលឲ្យបែកស្តុបមួយចំហៀង ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បែរជាព្យាយាមបន្ថែមល្បឿនបើករត់គេចតាំងពីផ្លូវតាកន ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ៣ ស្រាប់តែរថយន្តបង្កជ្រុលបុក និងកៀររថយន្តឡិចស៊ីស៣៣០ មួយគ្រឿងទៀត ទើបឃាត់រថយន្តបង្កបាននៅផ្លូវជាតិលេខ៣ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តកូរ៉េ ម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-3109 ជារថយន្តរបស់ក្រុមហ៊ុនដឹកកញ្ចក់ បានបើកតាមផ្លូវបេតុង តាកន ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកពីក្រោយរថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0381 ដែលកំពុងឈប់ចតស្ងៀមនៅចិញ្ចើមផ្លូវ បណ្តាលឲ្យបែកស្តុបខាងឆ្វេង ។

ប្រភពដដែលបន្តថា ហើយរថយន្តបង្កខាងលើនេះ មិនបានឈប់ដើម្បីទទួលខុសត្រូវនោះទេ បែរជាបន្ថែមល្បឿនបើករត់គេចខ្លួន ធ្វើឲ្យខាងរថយន្តតាកូម៉ា បើកដេញតាមពីក្រោយ រហូតមកដល់ផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ៣ រថយន្តបង្កក៏បន្តបត់ដើម្បីរត់ ក៏ជ្រុលទៅបុក និងកៀររថយន្តមួយគ្រឿងទៀត ម៉ាកឡិចស៊ីស RX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AH-7908 ដែលកំពុងបើកស្របទិសគ្នា ។ ហើយពេលនោះ រថយន្តបង្កនៅតែមិនឈប់ទៀត ក៏បន្ថែមល្បឿនបើករត់គេចតាមផ្លូវបេតុង ក្នុងភូមិសំដៅឆ្ពោះទៅផ្លូវជាតិលេខ៣ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញតាមទាន់ នៅត្រង់ចំណុចកែងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ តែម្តង ។

ក្រោយពីឃាត់រថយន្តបង្កបានហើយ អ្នកបើកបរសុំធ្វើការសម្របសម្រួលជាមួយរថយន្តតាកូម៉ា មួយគ្រឿងសិន ដោយចេញសងថ្លៃខូចខាតចំនួន៣០ដុល្លារ នៅតែរថយន្តឡិចស៊ីស៣៣០ ខូចខាតធ្ងន់ សមត្ថកិច្ចក៏នាំយកទៅប៉ុស្តិ៍ និងទុកឱកាសឲ្យភាគីទាំង២ និយាយគ្នាមួយជំហាន ក្នុងករណីមិនត្រូវគ្នានោះ គឺមានតែប្រគល់ឲ្យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

 

Picture
nmr