ក្រចេះ ៖ អាណាព្យាបាលសិស្សនៅវិទ្យាល័យថ្មគ្រែជាច្រើនអ្នក កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលគ្រូបង្រៀនប្រមាណជា ៨០% នៅក្នុងសាលាមួយនេះ បានផ្អាកការបង្រៀនដោយសារមិនពេញចិត្តលោកនាយកសាលា និងបានស្នើសុំឲ្យមន្ទីរ ក្រសួងអប់រំរកដំណោះស្រាយ និងផ្លាស់ប្ដូរនាយកសាលា ដើម្បីបន្តការដឹកនាំថ្មី ។
ការព្រួយបារម្ភរបស់មាតាបិតាអាណាព្យាបាលសិស្សនៅវិទ្យាល័យមួយនេះ ដោយរយៈពេលជិតមួយសប្តាហ៍នេះកូនរបស់ពួកគាត់មិនបានសិក្សានោះទេ ពួកគាត់មានការព្រួយបារម្ភ ខណៈដែរពេលប្រឡងបាក់ឌុបរំកិលជិតមកដល់ ហើយគ្រូៗក្នុងសាលានេះ នៅតែមាននៅតែមានបញ្ហាអូសបន្លាយពេល មិនមានដំណោះស្រាយណាមួយនោះ ។
កាលពីរសៀលថ្ងៃទី ១៨ ម្សិលមិញនេះ លោកគ្រូអ្នកគ្រូប្រមាណជា ៣០នាក់ ក្នុងចំណោមគ្រូ ៣៦នាក់ នៅក្នុងវិទ្យាល័យមួយនេះ បានជួបជុំគ្នា ក្រោយពីការផ្អាកការបង្រៀនរយៈពេលជិតមួយសប្តាហ៍ និងរង់ចាំការដោះស្រាយសមស្របណាមួយពីថ្នាក់ដឹកនាំមន្ទីរ ក្រសួងអប់រំ ទើបពួកគាត់ចូលបង្រៀនធម្មតាឡើងវិញ ។
តំណាងលោកគ្រូអ្នកគ្រូដែលផ្អាកការបង្រៀនបានលើកឡើងនៅក្នុងការជួបជុំនោះថា លោកគ្រូ ស៊ុន
ម៉េងកាន ជានាយកសាលាវិទ្យាល័យថ្មគ្រែ ជាមនុស្សដែលមានកំហុសជាច្រើនលើកច្រើនសារ និងធ្វើការអត្តនោម័តិ អសមត្ថភាពក្នុងការដឹកនាំ ។
លោកគ្រូអ្នកគ្រូក៏បានលើកឡើងដូចៗគ្នាថា តាំងពីគាត់ឡើងជានាយកសាលា គឺថាការដឹកនាំរបស់គាត់នៅក្នុងសាលាមានការអន់ថយចុះរហូត ហើយបញ្ហាសំខាន់គឺនៅលើសិស្សដែលប្រឡងពិន្ទុធ្លាក់នៅចុងឆ្នាំ គេបែរជាឃើញសិស្សដែលធ្លាក់នោះបានឡើងថ្នាក់គ្រប់គ្នាទៅវិញ ខណៈដែលគ្រូបន្ទុកថ្នាក់មិនដឹងគាត់ឡើងតាមវិធីណា វាគឺជាការរៀបចំរបស់លោកនាយក ដោយមិនមានការពិភាក្សា ឬក៏ពិនិត្យទៅលើបញ្ជីឈ្មោះឱ្យបានត្រឹមត្រូវនោះឡើយ ។
លោកគ្រូ អ្នកគ្រូ បានលើកឡើងបន្តទៀតថា ការដឹកនាំរបស់លោកនាយកសាលាខាងលើ គឺមិនមានការអភិវឌ្ឍទៅមុខទេ ហើយរាល់កិច្ចការងារដែលក្រសួង មន្ទីរ បានដាក់ឲ្យរៀបចំធ្វើ គឺលោកនាយកសាលាតែងតែយកផ្អឹបទុកចោល ដោយមិនបានផ្ដល់ការងារនោះ ឬក៏ជម្រាបជូនដំណឹងទៅដល់ទីចាត់ការ ឬលោកគ្រូអ្នកគ្រូនោះឡើយ ហើយនៅពេលដែលត្រូវការ គឺលោកនាយកតែងតែបន្ទោសទៅដល់គ្រូអ្នកគ្រូនីមួយៗថា មិនបានជួយការងារទៅវិញ ។
លោកគ្រូអ្នកគ្រូជាច្រើននាក់បានផ្អាកការបង្រៀន គឺដោយសារចង់ឲ្យមានការផ្លាស់ប្ដូរបែបបទ និងការដឹកនាំថ្មី ដែលមានតម្លាភាព មានគុណធម៌ និងមានបេះដូងស្រលាញ់កាងារ ។ បច្ចុប្បន្ននៅសល់តែគ្រូចំនួន ៤នាក់ប៉ុណ្ណោះ ដែលនៅបន្តការបង្រៀនសិស្ស ក្នុងចំណោមគ្រូ ៣៦នាក់ ។
ពួកគាត់លើកឡើងទៀតថា ចំពោះការផ្អាកនៅក្នុងការបង្រៀនសិស្សពេលជិតមួយសប្តាហ៍នេះ គឺដឹងថាមានការប៉ះពាល់ធ្ងន់ធ្ងរចំពោះសិស្សដែលកំពុងតែសិក្សានិងត្រៀមប្រឡងបាក់ឌុប ក៏ប៉ុន្តែវាគ្មានជម្រើសណាផ្សេងក្រៅពីការឈប់បង្រៀនទេ នេះវាជាជម្រើសចុងក្រោយហើយ ។ យើងចង់ពន្លឿន និងការចូលបង្រៀនធម្មតាវិញ ប៉ុន្តែរង់ចាំការដោះស្រាយណាមួយសមស្របពីថ្នាក់ដឹកនាំ ហើយយើងនឹងខិតខំបំពេញការងាររៀងខ្លួនឲ្យបានល្អឡើងវិញ ។
លោកគ្រូ ស៊ុន ម៉េងកាន នាយកសាលាវិទ្យាល័យថ្មគ្រែ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា «ចំពោះបញ្ហានេះដូចជាមិនមានអ្វីធ្ងន់ធ្ងរនោះទេ បញ្ហាគ្រូម្នាក់ដែលបញ្ហាជាមួយខ្ញុំនោះ គឺខ្ញុំបានដោះស្រាយព្រមព្រៀងគ្នាត្រូវគ្នារួចហើយវាគ្រាន់តែលើសខ្វះគ្នាតិចតួច ហើយបញ្ហាដទៃទៀតខ្ញុំសម្គាល់ឃើញថា ដូចជាមិនមានអ្វីធំដុំទេ ប៉ុន្តែគេគិតថាខ្ញុំហ្នឹងដើរសិក្ខាសាលាច្រើន ចោលសាលាអញ្ចឹង បើនិយាយឱ្យអស់ទៅខ្ញុំនិយាយស្មោះត្រង់ គឺមានន័យថាពួកគាត់ចង់ច្រណែនឈ្នានីសខ្ញុំ ។ មួយរយៈមុននេះ ខ្ញុំបានទៅសិក្ខាសាលា នៅសាលាតិចណូ ចំនួន ១០ថ្ងៃ ហើយបានផ្ទេរសិទ្ធិទៅឱ្យលោកនាយករង គាត់ទទួលខុសត្រូវជំនួស ដល់ពេលខ្ញុំត្រឡប់មកវិញ គេបង្កបញ្ហាបង្កាត់ភ្លើងឆេះបាត់ នាំគ្នាកូដកម្មមិនចូលបង្រៀន » ។
លោកនាយកបន្តថា «កាលពីចុងសប្តាហ៍កន្លងទៅនេះការិយាល័យអប់រំស្រុកបានចុះមកធ្វើការសម្របសម្រួលរួចម្ដងទៀតហើយ ដោយហៅលោកគ្រូអ្នកគ្រូទាំងអស់គ្នាប្រជុំ ដើម្បីស្ដាប់ទទួលពីបំណងប្រាថ្នារបស់លោកគ្រូអ្នកគ្រូ ដែលមិនបានចូលបង្រៀន ហើយរបាយការណ៍នោះ ក៏បានបញ្ជូនទៅដល់មន្ទីរអប់រំខេត្តរួចហើយដែរ» ៕