រាជធានីភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ខណៈពេលអញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលសម្រេចបានប្រមាណ ៩៥ភាគរយ ។
គូសបញ្ជាក់ផងដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គ្រោងដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដោយឥតបង់ប្រាក់ ក្នុងការធ្វើដំណើររយៈពេលមួយខែ ។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺមានបញ្ជរបង់ប្រាក់លើផ្លូវល្បឿនលឿននេះ ចំនួន៥កន្លែង សម្រាប់គោលដៅចាប់ផ្ដើមចេញពីភ្នំពេញ ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ឡើងលើផ្លូវល្បឿនលឿនត្រង់គីឡូម៉ែត្រលេខ៣ គឺមានបញ្ជរបង់ប្រាក់នៅទីនោះ ។
បញ្ជរទី២ នៅគីឡូម៉ែត្រ២៦ ខាងកើតទីរួមខេត្តកំពង់ស្ពឺ ។
បញ្ជរទី៣ នៅចំណុចគីឡូម៉ែត្រ៧៦ តំបន់គីរីរម្យ និងត្រែងត្រយឹង។
បញ្ជរទី៤ នៅចំណុចគីឡូម៉ែត្រ១១៤ តំបន់កំពង់សិលា ចុះទៅផ្លូវបំបែកស្រែអំបិល
និងបញ្ជរទី៥ នៅគីឡូម៉ែត្រ១៨០ ទៅភ្ជាប់ផ្លូវជាតិលេខ៤ ខាងកើតច្រកចូលតំបន់ក្បាលឆាយ។
អ្នកដំណើរលើផ្លូវល្បឿនលឿននេះ គឺត្រូវប្រើប្រាស់កាតអេឡិចត្រូនិក ដើម្បីស្គេនឆ្លងកាត់ និងបង់ប្រាក់ទៅតាមចម្ងាយផ្លូវបើកបរជាក់ស្ដែង ដោយគិតជាគីឡូម៉ែត្រ ហើយបង់ប្រាក់នៅបញ្ជរណាមួយ ដែលអ្នកបើកបរឈប់បន្តធ្វើដំណើរលើផ្លូវមួយខ្សែនេះទៅតាមតំបន់បញ្ជរ ។
ជាមួយគ្នានេះ ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ក៏មានរៀបចំជាកាតអេឡិចត្រូនិក ពិសេសសម្រាប់អ្នកដំណើររូបណា ចង់បានកាតនោះទៅកាន់ជាប់ជាប្រចាំ ដោយមិនចាំយកក្នុងពេលធ្វើដំណើរពីភ្នាក់ងារបញ្ជរក៏បាន ដែលកាតអេឡិចត្រូនិកនោះ មានឈ្មោះ ETC ជាកាតបង់ប្រាក់រួចរាល់ និងមានកត់ត្រាអត្តសញ្ញាណរថយន្តរួចជាស្រេចជាមួយក្រុមហ៊ុន ៕