ខេត្តស្ទឹងត្រែង ៖ ក្រោយពីបានផ្សាយលើកផេកផ្លូវការរបស់អង្គភាពយើងខ្ញុំពាក់ព័ន្ធទីតាំងគោលដៅស្ទាក់កាក់រថយន្តអោយបង់លុយភាស៊ីបេនឡានលើដងផ្លូវជាតិលេខ៧ ចំណុចអូរពង់មាន់ ដែលមានចម្ងាយប្រមាណជាង១០គីឡូម៉ែត្រ ពីក្រុងស្ទឹងត្រែងនោះ ពេលនេះមានប្រតិកម្មខ្លាំងៗទៅដល់អាជ្ញាធរខេត្ត ដោយសារតែធ្វើលើសពីផ្លូវច្បាប់រយៈពេលយូរឆ្នាំមកហើយ។
ក្រោយការចេញផ្សាយរបស់សារព័ត៌មានលើកផេកផ្លូវការរបស់អង្គភាពយើងខ្ញុំកាលនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តក្រោយការចង្អុលបង្ហាញពីលោកអភិបាលខេត្ត បានចេញលិខិតបំភ្លឺមួយជូនសារធារណជនបានជ្រាបជាព័ត៌មានស្តីពីច្បាប់ដេញថ្លៃភាស៊ី និងគោលការណ៍មួយចំនួន។ បន្ទាប់ការចេញលិខិតបំភ្លឺរបស់រដ្ឋបាលខេត្តកាលពីព្រឹកថ្ងៃទី៣០ ភ្លាមៗ នាល្ងាចថ្ងៃដដែលនេះដែរ គោលដៅទីតាំងនោះ ត្រូវបានដកចេញដូចដកស្ពៃ ដោយពុំមានការរាំងស្ទះរំខានដល់រថយន្តគ្រប់ប្រភេទតាមដងផ្លូវនោះទៀតទេ ។
ទាក់ទិនករណីខាងលើនេះ ក្រុមម្ចាស់យានយន្តធ្វើអាជីវកម្មតាមដងផ្លូវមានការគាំទ្រពេញទំហឹងនូវចំណាត់ការរបស់លោកអភិបាលខេត្ត ដែលចេញបទបញ្ជាអោយស្រាវជ្រាវត្រួតពិនិត្យភ្លាម តបតាមការចេញផ្សាយរបស់អង្គភាព សារព័ត៌មានយើង ដើម្បីចែករំលែកការសម្រួលដល់បងប្អូនម្ចាស់រថយន្តអាជីវកម្មលើដងផ្លូវខាងលើ។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ៖
លិខិតបំភ្លឺ យោងតាមការចុះផ្សាយលើបណ្តាញសារព័ត៌មាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ស្តីពីករណីជនស៊ីវិលដាក់គោលដៅទារលុយឡានតាមផ្លូវខុសពីច្បាប់កំណត់។ រដ្ឋបាលខេត្តស្ទឹងត្រែង សូមបំភ្លឺជូនបងប្អូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបថា ៖ កន្លងមក រដ្ឋបាលខេត្តស្ទឹងត្រែង មានគោលការណ៍ដាក់ឲ្យដេញថ្លៃចំណតរថយន្តក្រុងស្ទឹងត្រែងប្រចាំឆ្នាំ ដើម្បីប្រមូលភាស៊ីបង់ចំណូលចូលថវិការរដ្ឋ និងបានអនុញ្ញាតឲ្យម្ចាស់ភាស៊ីប្រមូលថ្លៃភាស៊ីចំពោះតែរថយន្ត ដែលកំពុងធ្វើអាជីវកម្មដឹកអ្នកដំណើរ រថយន្តក្រុមហ៊ុនដឹកភ្ញៀវទេសចរ និងរថយន្តដឹកទំនិញដែលត្រូវចូលចំណត ដើម្បីបង់ភាស៊ីចំណតរថយន្តដែលចូលគោលដៅចំណតរថយន្តក្រុងស្ទឹងត្រែងតែប៉ុណ្ណោះ។
រដ្ឋបាលខេត្តស្ទឹងត្រែង មិនបានអនុញ្ញាតឲ្យម្ចាស់ភាស៊ីប្រមូលថ្លៃភាស៊ីលើដងផ្លូវជាតិលេខ៧ ឬផ្លូវជាតិនានា ដើម្បីប្រមូលថ្លៃភាស៊ីធ្វើឲ្យប៉ះពាល់ចំពោះរថយន្តដែលធ្វើចរាចរណ៍ឆ្លងកាត់ឡើយ។
ករណីនេះ ប្រសិនបើម្ចាស់ភាស៊ីអនុវត្តផ្ទុយពីគោលការណ៍របស់ខេត្ត ដូចការផ្សាយខាងលើ រដ្ឋបាលខេត្តពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការចំពោះការអនុវត្តខុសច្បាប់ទាំងនោះ។ រដ្ឋបាលខេត្តស្ទឹងត្រែង រីករាយនឹងទទួលយករាល់ការផ្ដល់ព័ត៌មានចំពោះភាពមិនប្រក្រតីណាមួយ ពាក់ព័ន្ធនឹងករណីខាងលើ គ្រប់ពេលវេលា។ អាស្រ័យហេតុនេះ សូមបងប្អូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន។
តាមពិនិត្យជាក់ស្តែង ទីតាំងប្រមូលភាស៊ីនៅឆ្ងាយពីក្រុងស្ទឹងត្រែង ប្រមាណជាង១០គីឡូម៉ែត្រនេះ ត្រូវអភិបាលខេត្តក្រហមមុខដកគ្រវែងចោលបាត់ទៅហើយ ។ ប៉ុន្តែមុនដកគ្រវែងចោល ថៅកែភាស៊ីអ្នកស្រី ស៊ី សុវណ្ណនី បានប្រមូលប្រាក់រាប់ឆ្នាំមកហើយ ច្រាសច្រំដោយសុវត្ថិភាព អត់មានរំខានអាជ្ញាធរខេត្តឡើយ ។ ទើបតែកោះសន្តិភាពទទួលបានការរិះគន់ពីក្រុមរថយន្តដឹកជញ្ជូនយកមកចុះផ្សាយ ទើបធ្វើឱ្យបែកឆ្នាំងបាយអ្នកស្រី សុវណ្ណនី ដ៏មហិមានេះយ៉ាងឆាប់ដែរ ។
សកម្មភាពដ៏អាក្រក់នេះ គេឱ្យឈ្មោះថា «កន្ទេលធំបន្លំដេក» ឬ «បានបឹងបង់សំណាញ់ ហក់ទៅបង់ដល់ទន្លេ» ដែលធ្វើឱ្យខូចអស់គោលនយោបាយល្អរបស់បក្សកាន់អំណាច ។
ចាំមើល តើអភិបាលខេត្តបញ្ជូនសំណុំរឿងអាក្រក់នេះទៅតុលាការដែរឬក៏អត់? ដែលអង្គភាពយើងរង់ចាំមើល និងផ្សាយបន្តនៅពេលក្រោយទៀត ។