ខេត្តសៀមរាប ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំសម្របសម្រួលដោយលោក ថេង សំណាង ព្រះរាជ្ញអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប បានឱ្យសមត្ថកិច្ចចម្រុះចុះឃាត់ខ្លួនលោក ស៊ឹង ប៊ុនណា ដែលជាអ្នកជំនួញមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាប យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីបាញ់ឡើងលើមេឃចំនួន៤គ្រា.ប់ ដោយសារតែខឹងប្រពន្ធមិននៅផ្ទះ ខណៈពេលមកពីផឹកស៊ីវិញ។
ហេតុការណ៍ខាងលើនេះបានកើតឡើង នៅវេលាម៉ោង២២និង១៦នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ថិតនៅក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
បើយោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ស៊ឹង ប៊ុនណា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរអ្នកជំនួញ នៅភូមិ-ឃុំកើតហេតុខាងលើ។ ជនសង្ស័យបានបាញ់ឡើងលើចំនួន៤គ្រា.ប់ ដោយប្រើប្រាស់អាវុធម៉ាក K59 លេខ 2249 ផលិតនៅប្រទេសរុស្ស៊ី ក្រោយពីបាញ់ហើយ ជនសង្ស័យក៏បានចូលទៅក្នុងបន្ទប់ដេកយ៉ាងរំភើយ ដោយក្នុងដៃមានកាន់កាំភ្លើ.ងទៅជាមួយផងដែរ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយពីផ្ទុះអាវុធភ្លាម កម្លាំងសមត្ថកិច្ចចម្រុះ ក៏ចុះបានហ៊ុមព័ទ្ធខាងក្រៅរបងផ្ទះតាំងពីយប់រហូតដល់ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ ទើបកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បាននាំខ្លួនឈ្មោះ ស៊ឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធ K59 មួយដើមបង់២ គ្រា.ប់ចំនួន០៦គ្រា.ប់ យកទៅកាន់ស្នងការខេត្តសៀមរាប ដើម្បីសួរនាំ និងមានចំណាត់ការបន្ត។
សមត្ថកិច្ចបន្ថែមទៀតថា មូលហេតុនៃការបាញ់បោះសេរីខាងលើនេះ គឺដោយសារតែលោក ស៊ឹង ប៊ុនណា ខណៈពេលចេញពីផឹកស៊ីត្រឡប់មកផ្ទះវិញ មិនឃើញប្រពន្ធនៅផ្ទះ ក៏ទាញ កាំភ្លើ.ងបាញ់ឡើងលើចំនួន៤គ្រា.ប់ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ រហូតដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនភ្លាមៗផងដែរ។
ទោះជាយ៉ាងណា មិនទាន់មានការបំភ្លឺពីភាគីខាងប្រពន្ធរបស់លោក ស៊ឹង ប៊ុនណា នៅឡើយទេ។ ហើយបច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប កំពុងសួរនាំនៅឡើយ៕