ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យនាយនគរបាលចំនួន ៦០រូប ត្រៀមចេញទៅសិក្សាវគ្គបំប៉ននៅវៀតណាម ចូលជួបសម្ដែងការគួរសម

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យនាយនគរបាលចំនួន ៦០រូប ត្រៀមចេញទៅសិក្សាវគ្គបំប៉នជំនាញការងារដឹកនាំនគរបាល ក្រុង-ស្រុក-ខណ្ឌ ឆ្នាំ២០២២ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម។
ក្នុងជំនួបនេះដែរ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីរីករាយបានទទួលជួបនាយនគរបាល ត្រៀមចេញទៅសិក្សានៅប្រទេសវៀតណាមទាំង ៦០រូបនាឱកាសនេះ។ សម្ដេច បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវគោរពវិន័យសាលារៀនក្នុងពេលសិក្សាផងដែរ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា កងកម្លាំងនគរបាល ជាកងកម្លាំងអនុវត្តច្បាប់ ដើម្បីថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចការពង្រឹងដល់សុខសន្ដិភាព ព្រមទាំងបង្កលក្ខណៈជូនប្រជាពលរដ្ឋ និងសង្គមរបស់កម្ពុជា ប្រកបដោយសុវត្ថិភាព។
សម្ដេចក្រឡាហោម បន្ដថា នាពេលកន្លងទៅនេះ កងកម្លាំងនគរបាលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តកិច្ចការទាំងនេះ។ សម្ដេច បន្ថែមថា សព្វថ្ងៃនេះនៅកម្ពុជា មាននគរបាលគ្រប់ជំនាញ ថែទាំងចូលរួមបំពេញភារកិច្ចជានគរបាលការពារព្រំដែនជាមួយនឹងកងយុទ្ធពលខេមរៈភូមិន្ទផងដែរ។
លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់លើកកម្ពស់គុណភាពនគរបាលជាបន្ដបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតួនាទីភារកិច្ចរបស់ខ្លួន។ សម្ដេច ថា ចំណែកការសិក្សារៀនសូត្រ គឺជាផ្នែកមួយដ៏មានសារៈសំខាន់ ដែលជាគន្លឹះក្នុងការកំណែទម្រង់កងកម្លាំងនគរបាលជាតិ ហើយសិក្សារៀនសូត្រនេះ មិនត្រឹមតែរៀននៅក្នុងប្រទេសនោះទេ គឺរៀននៅក្រៅប្រទេសផងដែរ។
សម្ដេចក្រឡាហោម ក៏បានប្ដេជ្ញាចិត្តថា ចំពោះវគ្គបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិនៅថ្នាក់មូលដ្ឋាន គឺបណ្ដុះបណ្ដាលក្នុងប្រទេសខ្លួនឯង។ សម្ដេច ចាត់ទុកថា វគ្គបណ្ដុះបណ្ដាលមូលដ្ឋាន មានភាពស្មុកស្មាញ ព្រោះថា ជ្រើសរើសក្របខណ្ឌហើយ គឺត្រូវចូលវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋាន ខណៈមានបច្ចុប្បន្ន ក្រសួងមហាផ្ទៃមានលទ្ធភាព ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋាននេះ។ សម្ដេច ថា កំណែទម្រង់នគរបាលកំពុងដើរទៅមុខ ទន្ទឹមនឹងនេះ ក្រសួងកំពុងតែបែងចែកភារកិច្ចរបស់កម្លាំងនគរបាល ឱ្យសមស្របទៅតាមអង្គភាព និងកន្លែងដែលត្រូវការពិតប្រាកដ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
nmr