ថៃ៖ជនសង្ស័យម្នាក់ ត្រូវបានក្រុមសមត្ថកិច្ចថៃ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ បានសម្លាប់សង្សាររួចកាត់ជាដុំៗ ច្រកថង់ខ្មៅយកទៅកប់ក្នុងដីក្រោមស្ពានអាកាស ដោយគោលបំណងលុបបំបាត់ដាន ក្នុងរឿងឃាតកម្មនេះ។
ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នៅក្បែខនដូ មួយកន្លែង លើផ្លូវសុខុមវីត១១៥ ក្នុងស្រុកមឿង ខេត្តសមុទ្រប្រាកាន ប្រទេសថៃ ដោយជនសង្ស័យមានឈ្មោះ ឆានវីដ ហៅដន ភេទប្រុស អាយុ ៣៥ ឆ្នាំ រីឯនារីរងគ្រោះមានឈ្មោះ អនណាន់ ហៅ ភីន អាយុ ៣០ ឆ្នាំ។
គួររំលឹកថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩ ព្រឹក បុគ្គលិកផ្នែកអនាម័យម្នាក់ ប្រចាំខនដូ បានឡើងទៅសម្អាតបន្ទប់ ក៏ស្រាប់តែឃើញបន្ទប់មួយត្រូវបានម្ចាស់បន្ទប់បើកទឹកទុកចោល ហើយក៏មានស្នាមទើបបោស ជូត លាង សម្អាតថ្មីៗដែរ ដោយនៅទីនោះមានបន្សល់នូវ ពូថៅ កាំបិតចុងស្រួច ថង់ខ្មៅធំៗ និងមានដំណក់ឈាមនៅជាប់នឹងជញ្ជាំងផង ទើបមានការប្តឹងទៅអ្នកគ្រប់គ្រងខនដូ ដើម្បីរាយការណ៍ទៅសមត្ថកិច្ច។
ក្រោយពីចុះស្រាវជ្រាវ និងពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាព ទើបដឹងថា ជនសង្ស័យប្រើប្រាស់រថយន្តហុងដា ពណ៌ស ដោយចូលស្នាក់នៅជាមួយនារីម្នាក់ លុះពេលចាកចេញមានតែម្នាក់ឯង ដោយមាននាំយកថង់ខ្មៅជាច្រើនទៅជាមួយផង ទើបសមត្ថកិច្ចឈានដល់ការចាប់ខ្លួនឃាតករបានតែម្តង ដើម្បីនាំខ្លួនយកមកសាកសួរ។
តាមចម្លើយសារភាព ជនសង្ស័យបាននិយាយថា បច្ចុប្បន្នខ្លួនពុំមានការងារធ្វើទេ តែកន្លងមកខ្លួនជាមួយនារីរងគ្រោះ គឺបានរកស៊ីរួមគ្នាដែលមានមុខរបរ ទិញ លក់ និងទទួលបញ្ចាំ អចលនទ្រព្យ រយៈពេលជាង ២ឆ្នាំ ប៉ុន្តែមួយរយៈក្រោយមក នាងហាក់ដូចជាមានចិត្តងាករេចេញពីខ្លួន ទើបនៅថ្ងៃទី២៨ ខែកញ្ញា ខ្លួនបានណាត់ជួបនាង នៅក្នុងបន្ទប់ខនដូ ដើម្បីនិយាយគ្នា រួចក៏ឈានដល់ការសម្លាប់តែម្តង។
ជនសង្ស័យបានបន្តថា នៅពេលនោះ ខ្លួនបានកាត់សពជាដុំៗ ដោយច្រកក្នុងថង់ខ្មៅយកទៅកប់ដីចោលខាងក្រោមស្ពានអាកាស ម្តុំចំណុច ឡាតប្រាវ នៃទីក្រុងបាងកក ហើយក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង ដោយបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនខ្លួនទៅកាន់តុលាការហើយ៕