ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចតេជោសម្រេចប្រកាសដកវិធានការអ្នកដំណើរមកពីបរទេសទាំងអស់

ភ្នំពេញៈ
យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ លើរបាយការណ៍របស់គណៈប្រចាំការនៃ គ.ប.ក. គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានដំណឹងពីការកែសម្រួលនូវវិធានការសុខាភិបាល ចំពោះ អ្នកដំណើរមកពីបរទេស ដូចខាងក្រោម៖

១. ដកចេញនូវវិធានការដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ នៅពេលមកដល់កម្ពុជា។

២. បន្តរក្សាទុកនូវម៉ាស៊ីនវាស់កំដៅពីចម្ងាយ នៅតាមច្រកទ្វារចេញ-ចូលប្រទេស ព្រមទាំងរក្សាទុកមន្ត្រីទទួលបន្ទុកការងារចត្តាឡីស័កមួយចំនួននៅតាមច្រកទ្វារព្រំដែន ដើម្បីពិនិត្យ ផ្តល់យោបល់ចំពោះអ្នកដំណើរដែល មានរោគសញ្ញា ឬអ្នកជំងឺដែលមានតម្រូវការជាយថាហេតុ។
ទោះបីជាមានការកែសម្រួលនូវវិធានការសុខាភិបាលដូចមានចែងខាងលើនេះក៏ដោយ ក្រសួងសុខាភិបាលសូម អំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ឬដូសជំរុញ អញ្ជើញទៅ ចាក់នៅតាមទីកន្លែងចាក់វ៉ាក់សាំងដែលមាននៅតាមរាជធានី-ខេត្ត ដោយពុំតម្រូវឱ្យបង់ប្រាក់នោះទេ។ ក្រសួងសុខាភិបាល ក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់គ្នា គប្បីមានការប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានការ ៣ការពារ ៣កុំ និងតាមដានសុខភាពខ្លួនឯងឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការចម្លងវីរុសកូវីដ-១៩ ជាយថាហេតុ៕

nmr