ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អ្នកសារព័ត៌​មា​ន​​​គ្រប់រូបរាល់ការបញ្ចេញមតិ ឬ រិះគន់ ត្រូវធ្វើឡើងដោយភាពថ្លៃថ្នូរ និងគោរពសិទ្ធិអ្នកដទៃ

ហេតុដូច្នេះហើយ ថ្ងៃនេះ “អង្គភាពយើង” នឹងធ្វើការដកស្រង់នូវក្រមសីលធម៌របស់អ្នកសារព័ត៌មាន ៥ចំណុច ចេញពីពីក្លិបអ្នកកាសែតកម្ពុជា ដើម្បីឲ្យមហាជន ក៏ដូចជា អ្នកសារព័ត៌មានបានជ្រាបដូចតទៅ៖

១.ការស្វែងរក និងរាយការណ៍ព័ត៌មានដែលពិត

រាល់ការសរសេរ ការនិយាយព័ត៌មានទាំងឡាយណា អ្នកសារព័ត៌មានត្រូវប្រកាន់ជំហរនូវភាពត្រឹមត្រូវជានិច្ច។

ត្រូវបែងចែកឲ្យដាច់រវាងព័ត៌មាន និងការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន ដើម្បីញែកឲ្យដាច់ពីគ្នារវាងហេតុការណ៍ និងការបញ្ចេញមតិ។

រាល់ការបញ្ចេញមតិ ឬ រិះគន់ ត្រូវធ្វើឡើងដោយភាពថ្លៃថ្នូរ និងគោរពសិទ្ធិអ្នកដទៃ។

រាយការណ៍តែហេតុការណ៍ណាដែលបានឃើញ និងដឹងប្រភពច្បាស់លាស់ ដើម្បីផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ។

អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានពិត មិនលំអៀង និងច្បាស់លាស់ដល់សាធារណជន ដើម្បីកុំឲ្យមហាជនមានភាពភាន់ច្រឡំ។

អ្នកសារព័ត៌មានគួរផ្តល់ឱកាសដល់គ្រប់ភាគីដែលពាក់ព័ន្ធក្នុងសាច់រឿង។

ព្យាយាមស្វែងរក និងផ្តល់ឱកាសដល់អ្នកមានភាពពាក់ព័ន្ធក្នុងសាច់រឿង ដើម្បីឲ្យពួកគេបានបកស្រាយនូវបញ្ហាដែលពាក់ព័ន្ធនឹងរូបគេ ឬ បទចោទប្រកាន់ណាមួយដែលធ្វើឡើងដោយភាគីម្ខាងទៀត។​

២.ការទទួលខុសត្រូវអ្នកសារព័ត៌មាន ត្រូវទទួលខុសត្រូវចំពោះការផ្សាយដែលខុសពីការពិត ហើយត្រូវចុះផ្សាយកែតម្រូវអនុលោមតាមច្បាប់របស់អ្នកសារព័ត៌មាន។

អ្នកសារព័ត៌មានត្រូវប្រកាន់នូវភាពថ្លៃថ្នូរ ចៀសវាងការធ្វើឲ្យខូចប្រយោជន៍ ឬ ធ្វើឲ្យបែកបាក់សាមគ្គីភាពរបស់អ្នកសារព័ត៌​មាន។

៣.ប្រភពក្នុងករណីប្រភពស្នើសុំមិនបង្ហាញអត្តសញ្ញាណរបស់ខ្លួន អ្នកសារព័ត៌មានគួរធ្វើតាម មិនត្រូវបង្ខំ ឬ បង្ហាញមុខប្រភពដោយគ្មានការអនុញ្ញាតឡើយ។

៤.សិទ្ធិបុគ្គលឯកជនអ្នកសារព័ត៌មានត្រូវគោរពសិទ្ធបុគ្គលតាមគោលការណ៍ច្បាប់។

៥.ការរើសអើងអ្នកសារព័ត៌មានត្រូវជៀសវាងការប្រើពាក្យរិះគន់ ឬ សេចក្តីបញ្ចាក់នានា ដែលនាំឲ្យមានគ្រោះថ្នាក់ដល់ជនដែលមានពិការភាព ឬ អ្នកជំងឺផ្លូវកាយ និងផ្លូវចិត្ត។

អ្នកសារព័ត៌មានគួរចៀសវាងការសរសេរដែលមានពាក្យពេចន៍សម្អប់ បុរេវិនិច្ឆ័យ ប្រើអាកប្បកិរិយាមើលងាយ និងប្រកាន់ពូជសាសន៍ យេនឌ័រ ភេទ ភាសា សាសនា នយោបាយ ពិការភាពរាងកាយ ពិការភាពស្មារតី។

ទាំងនេះ គឺគ្រាន់តែជាការដកស្រង់នូវក្រមសីលធម៌មួយចំនួ​នពីក្លិបអ្នកកាសែតកម្ពុជាប៉ុណ្ណោះ ដើម្បីឲ្យសាធារណជន ក៏ដូចជា អ្នកសារព័ត៌មានគ្រប់រូបបានដឹង ចៀសវាងការបង្កភាពចលាចល អនាធិប្បតេយ្យ និងប៉ះពាល់ដល់កិត្តិយសអ្នកសារព័ត៌មានផ្សេងទៀតនៅកម្ពុជា។ អ្នកសារព័ត៌មានគ្រប់រូប គួរប្រកាន់ខ្ជាប់នូវក្រមសីសធម៌វិជ្ជាជីវៈរបស់ខ្លួនជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕

nmr