ខេត្តកែប ៖ ដីព្រៃលិចទឹកមួយកន្លែង មានទំហំប្រមាណ៣ហិកតា ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ បានត្រូវគេលួចដាំដូងនិងធ្វើសំណង់រឹងយ៉ាងរំភើយ ។ តាមសកម្មភាពនេះបង្ហាញថា មិនមែនពលរដ្ឋតូចតាចទេ ដែលថ្លើមធំបែបនេះ បើមិនមែនមន្ត្រីគ្រាប់ល្ពៅក៏អ្នកមានធនធានដែរ ។
ការដាំដូងនិងធ្វើសំណង់រឹងនៅកណ្ដាលព្រៃនោះ ហាក់ដូចជាមានការលាក់បាំងផងដែរ តែដោយមានការបង្ហោះតាមបណ្ដាញសង្គមយ៉ាងផុលផុសកាលពីពេលថ្មីៗនេះ ស្រាប់តែអាជ្ញាធរស្រុកដំណាក់ចង្អើរ មន្ត្រីជលផលខេត្ត រួមទាំងលោក ហេង ឡេង រស់នៅក្រុងកំពត មិនដឹងថា ជាអាជីវ ករ ឬពលរដ្ឋសាមញ្ញនោះទេ បានចេញមុខមកអះអាងកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆាំ្ន២០២២ថា គាត់ពិតជាបានសុំដីអាជ្ញាធរខេត្តធ្វើជាកន្លែងវារីវប្បកម្មចិញ្ចឹមកូនត្រីគ្រប់ប្រភេទ ។
គាត់បានបង្ហាញលិខិតមួយដែលអនុញ្ញាតឱ្យធ្វើវារីវប្បកម្ម ដែលអស់សុពលភាពត្រឹមឆាំ្ន២០២១ ប៉ុន្តែក្នុងលិខិតនោះក៏មិនបានបញ្ជាក់ថា លោក ហេង ឡេង ដាំដូង ឬក៏ធ្វើសំណង់រឹងអ្វីនៅដីព្រៃលិចទឹកនោះដែរ ។ អាជ្ញាធរស្រុកនិងខេត្ត ដែលចុះមកដល់ដីព្រៃលិចទឹកនោះ គ្រាន់តែពិនិត្យមើលហើយនិយាយថា ដីព្រៃនេះគេមានលិខិតស្នើសុំធ្វើវារីវប្បកម្មចិញ្ចឹមត្រីគ្រប់ប្រភេទ តែមិនដឹងថា ត្រូវបន្តសុពលភាព ឬបែបណាទេ ព្រោះការអនុញ្ញាតត្រឹមឆ្នាំ២០២១ ។
គេធ្លាប់បានដឹងថា កន្លងមកដីព្រៃលិចទឹកដែលគេដាំដូង និងធ្វើសំណង់រឹងនេះ ត្រូវបានផ្អាក
សកម្មភាពម្ដងរួចមកហើយ តែក្រោយមកស្ងាត់ៗស្រាប់តែគេជួលគ្រឿងចក្រមកកាយរណ្ដៅធ្វើ
ជាកន្លែងដាំដូង ធ្វើសំណង់រឹង និងធ្វើខ្យូសអង្គុយកម្សាន្តយ៉ាងរំភើយ ដោយសំអាងទៅលើលិខិត
អនុញ្ញាតមួយច្បាប់នោះ ៕