ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

កម្ពុជា សម្រេចបានលទ្ធផលល្អក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនៅក្នុងតំបន់

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអៈអាងថា កម្ពុជា សម្រេចបានលទ្ធផលល្អក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនៅក្នុងតំបន់។
ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ” របកគំហើញ និងអនុសាសន៍ក្នុងការពិនិត្យពាក់កណ្តាលគម្រោង នៃផែនការយុទ្ធសាស្ត្រសម្រាប់បង្ការ ថែទាំជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាល ២០២១-២០២៥, និងមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកស្រី ប៉ាទ្រីស្យា អ៊ុងពីន ប្រធានប្រតិបត្តិអង្គការ UNAIDS ប្រចាំកម្ពុជា,នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងទៀតថា តាមការប៉ាន់ស្មានដោយអង្គការ UNAIDS កម្ពុជា បានប្រែក្លាយពីប្រទេសដែលមានអត្រាប្រេវ៉ាឡង់ នៃមេរោគអេដស៍ខ្ពស់ក្នុងតំបន់អាស៊ីកាលពីទសត្សរ៍ ឆ្នាំ២០០៣ មាន ១,១% ឱ្យថយចុះមកត្រឹម ០,៦% ឆ្នាំ២០២១ ហើយកម្ពុជាបានស្ថិតក្នុងចំណោមប្រទេសទាំង៧ ទូទាំងសកលលោក សម្រេចបានទិសដៅ ៩០-៩០-៩០ នៅឆ្នាំ២០១៧ គឺបីឆ្នាំពេលកំណត់។ បើប្រៀបធៀបទៅនឹងទិសដៅ ៩៥-៩៥-៩៥ ដែលយើងបានកំណត់ត្រឹមឆ្នាំ២០២៥ កម្ពុជាសម្រេចបាន ៨៤% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពមេរោគអេដស៍ ៩៩% នៃអ្នកដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៧% នៃអ្នកកំពុងទទួលការព្យាបាលដោយ ឱសថប្រឆាំងមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍ក្នុងឈាមត្រូវបានបង្ក្រាប។
បើតាមលោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានឲ្យដឹងថា សិក្ខាសាលាថ្ងៃនេះ យើងនឹងធ្វើឡើងពេញមួយថ្ងៃ ដែលមានការបង្ហាញដោយសង្ខេបតាមសមាសភាពនីមួយៗ នៅពេលព្រឹក និងមានក្រុមពិភាក្សានៅពេលល្ងាច ក្នុងគោលបំណងរួមគឺ៖ ធ្វើសុពលភាពនៃរបកគំហើញ និងអនុសាសន៍នៃការពិនិត្យពាក់កណ្តាលគម្រោងនៃផែនការយុទ្ធសាស្ត សម្រាប់បង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគក្នុងវិស័យសុខាភិបាលឆ្នាំ២០២១-២០២៥ ឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ សហគមន៍នៃប្រជាជនចំណុច និងពិភាក្សាពីអាទិភាពជាយុទ្ធសាស្ត្រ និងកំណត់វិធីសាស្ត្រសម្រាប់ការអនុវត្តក្នុងរយៈពេល៣ឆ្នាំខាងមុខទៀត ដើម្បីរៀបចំលើកសំណើមូលនិធិសកលឆ្នាំ ២០២៤-២០២៦ នៅឆ្នាំក្រោយ។
nmr