ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មី អំពីជំហរបស់កម្ពុជា ដែលជំទាស់ដាច់ខាតការប្រើប្រាស់កម្លាំងរំលោភបំពានលើអធិបតេយ្យរបស់អ៊ុយក្រែន។ សម្ដេចបន្តថា ជម្លោះដែលកំពុងតែកើតមាននាពេលនេះ បានជះឥទ្ធិពលដ៏អាក្រក់ដល់ប្រជាជន ហើយគឺពិតជាមានភាពចាំបាច់យ៉ាងខ្លាំងក្នុងការបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារ ហើយងាកទៅរកការដោះស្រាយជម្លោះដោយសន្ដិវិធី។
ការបញ្ជាក់ជំហរបស់កម្ពុជាលើការប្រឆាំងសកម្មភាពប្រើកម្លាំងទ័ពរំលោភបំពានលើឯករាជ្យភាពរបស់អ៊ុយក្រែននៅគ្រានេះ គឺធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន សហភាពអឺរ៉ុប និងអបអរសាទរខួប ៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក, ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុបពិតជាមានសារសំខាន់យ៉ាងខ្លាំង ដោយសារតែពិភពលោកមានការវិវដ្ដស្ថានភាពដ៏គួរឲ្យព្រួយបារម្ភ និងផុយស្រួយ ដែលពិភពលោកប្រឈមទៅនិងការសាកល្បងដ៏ធំមួយដែលមិនធ្លាប់មានពីមុនមក តួយ៉ាងដូចជាការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយរវាងមហាអំណាច ការធ្វើឲ្យរង្គោះរង្គើដល់សណ្ដាប់ធ្នាប់អន្ដរជាតិ និងបានគំរាមកំហែងដល់ស្ថិរភាព សន្ដិភាព និងការរីកចម្រើនស្របពេលនិងការកើនឡើង នៃការប៉ះទង្គិចដោយប្រដាប់អាវុធ និងសង្រ្គាម ដូចដែលតំបន់យើងទាំងពីរកំពុងប្រឈមជាឧទាហរណ៍។
ចំពោះសង្រ្គាមនៅអ៊ុយក្រែន សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជា នៅតែរក្សាជំហដ៏រឹងមាំ ក្នុងការគោរពបូរណភាពទឹកដី និងឯករាជ្យភាព ហើយកម្ពុជាជំទាស់ជាដាច់ខាតការប្រើប្រាស់កម្លាំងប្រឆាំងលើរដ្ឋអធិបតេយ្យ។ ជាងនេះសម្ដេចតេជោ ទទូចឲ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារ និងត្រូវដោះស្រាយជម្លោះដោយសន្ដិវិធី ដើម្បីផ្ដល់ជំនួយសង្រ្គោះដល់ប្រជាជនដែលត្រូវការជំនួយ ។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា នៅក្នុងអាស៊ានរបស់យើង មិនមែនមានគោលជំហរដូចគ្នានោះទេ ចំពោះសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ កន្លងទៅក្នុងក្នុងនោះមានប្រទេសខ្លះបោះឆ្នោតគាំទ្រ និងប្រទេសខ្លះទៀតបោះឆ្នោតអនុប្បវាទ។ តែសម្រាប់កម្ពុជា គាំទ្រ និងថ្កោលទោសការឈ្លានពាន ឬការកាត់យកទឹកដី ហើយកម្ពុជាមិនមែនត្រឹមតែជាអ្នកគាំទ្រប៉ុណ្ណោះ តែថែមទាំងដើរតួជាសហស្ថាបនិក ទៅលើសេចក្តីសម្រេចនានានៅឯអង្គការសហប្រជាជាតិថែមទៀត ។
ទាក់ទងនឹងអ៊ុយក្រែននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់អំពីការបញ្ជូនមន្ត្រីបច្ចេកទេសរបស់កម្ពុជារួមជាមួយជប៉ុន ក្នុងការជួយអ៊ុយក្រែននូវការបណ្តុះបណ្តាលការដោះមីនផងដែរ។ ក្រៅពីបញ្ជូនអ្នកបច្ចេកទេសទៅអ៊ុយក្រែន កម្ពុជាក៏ទទួលយកសិក្ខាកាមអ៊ុយក្រែន ចំនួន ១៥នាក់ មកបណ្តុះបណ្តាលនៅខែមករានេះ ដើម្បីធ្វើជាអ្នកបំផ្លាញចោលគ្រាប់មីន ព្រោះវាជារឿងគ្រោះថ្នាក់ ហើយវាជារឿងមនុស្សធម៌ ប៉ុន្តែកម្ពុជាមិនបញ្ជូនទាហានរបស់យើងចូលច្បាំងជាមួយរុស្ស៉ី ក្នុងប្រទេសអ៊ុយក្រែននោះទេ៕