កម្រងសៀវភៅ Harry Potter របស់អ្នកនិពន្ធអង់គ្លេស J.K. Rowling កន្លងមក ត្រូវបានបកប្រែទៅជាង ៨០ភាសា និងបានលក់ដាច់ជាង ៥០០លានក្បាលនៅទូទាំងពិភពលោក។
អ្នកគាំទ្រជាង ១,៧០០នាក់ដែលស្លៀកពាក់លំនាំតាមរឿងមន្តអាគម Harry Potter បានប្រមូលផ្តុំគ្នានៅឯពិធីជួបជុំមួយក្នុងទីក្រុងហែមប៊ឺគ ប្រទេសអាល្លឺម៉ង់ ដើម្បីបំបែកកំណត់ត្រាពិភពលោក។ ព្រឹត្តិការណ៍នេះ ធ្វើឡើងចំថ្ងៃខួបលើកទី ២៥ នៃការបោះពុម្ពសៀវភៅ Harry Potter ដំបូងនៅប្រទេសអាល្លឺម៉ង់ផងដែរ។
អ្នកចូលរួមម្នាក់បាននិយាយថា មូលហេតុដែលពួកគាត់មកទីនេះ ពីព្រោះពួកគាត់ចូលចិត្តខ្សែភាពយន្ត Harry Potter ដូច្នេះពួកយើងបានយកថ្ងៃឈប់សម្រាក ដើម្បីមកចូលរួមជាផ្នែកមួយនៃការបំបែកកំណត់ត្រាពិភពលោក។
អ្នកចូលរួមម្នាក់ទៀត ក៏បាននិយាយដែរថា ខ្ញុំបានគូររូបផ្លេកបន្ទោរនៅលើមុខ ដូច្នេះខ្ញុំមានអារម្មណ៍ដូចជាតួអង្គ Harry Potter ពិតប្រាកដអីចឹង ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការព្យាយាមបំបែកកំណត់ត្រាពិភពលោក។
សូមរម្លឹកថា ការបំបែកកំណត់ត្រាពិភពលោកពីមុន មានអ្នកចូលរួមសរុបត្រឹម៩៩៧នាក់ប៉ុណ្ណោះ៕