ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា ស្នើទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំសម្របសម្រួលការផ្ទេរកម្មសិទ្ធិពីឪពុកម្តាយមកកូនតាមប្រព័ន្ធឌីជីថលមិនគិតថ្លៃ ដោយប្រើពេលយ៉ាងយូរត្រឹម ៥នាទី

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា បច្ចុប្បន្ននេះប្រទេសនៅក្នុងពិភពលោកកំពុងតែមានការអភិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យា។ ដូចនេះ ប្រទេស កម្ពុជាក៏កំពុងតែធ្វើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យានេះដែរ។
ឯកឧត្ដមអភិសន្តិបណ្ឌិតអះអាងថា នៅថ្ងៃអនាគតយើងចង់ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសឌីជីថល ដោយយើងត្រូវការប្រើកត្តាពីរសំខាន់ ទី១ កត្តាសម្ភារ ទី២ កត្តាធនធានមនុស្ស ឬបុគ្គល។ការលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសឯកឧត្តម ប្រាក់ សោភ័ណ ចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ជំនួសឯកឧត្តម ទៀ សីហា ដែលត្រូវបានឡើងមុខតំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការ ពារជាតិ ដែលធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ក្រសួងនឹងផ្ដល់ឱកាសជាអាទិភាពសម្រាប់ជ្រើសរើសមន្ត្រីរាជការផ្នែកឌីជីថលនាពេលខាងមុខឆាប់ៗនេះ។ ជាមួយគ្នានេះ ឯកឧត្ដមអភិសន្តិបណ្ឌិតបន្តថា «នឹងមានការស្នើសុំទៅឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការសម្របសម្រួលការផ្ទេរកម្មសិទ្ធិពីឪពុកម្តាយមកកូនតាមប្រព័ន្ធឌីជីថល ដោយប្រើពេលយ៉ាងយូរ៥នាទី ដោយមិនអស់ថវិកាអ្វីទាំងអស់»។ឯកឧត្តមរដ្ឋមន្រ្តីបន្តទៀតថា ការស្នើសុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល ក៏បានឯកភាព ដើម្បីធ្វើការងារនេះឱ្យបានលឿនហើយដែរ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យឯកឧត្តមអភិបាលខេត្តសៀមរាបថ្មីត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយនូវបញ្ហាដែលកើតមានឱ្យបានលឿន ដោយយកកត្តាឈ្នះ ឈ្នះទាំងអស់គ្នាជាគោល។

ឯកឧត្តម ប្រាក់ សោភ័ណ ដែលចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានប្តេជ្ញាថា នឹងខិតខំអស់កម្លាំងកាយ កម្លាំងចិត្ត ចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកសាមគ្គីផ្ទៃក្នុងបង្កើនកិច្ចសហប្រតិបត្តិការ និងសហការឱ្យបានល្អប្រសើរជាមួយថ្នាក់ដឹកនាំ នៃគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រសួង ស្ថាប័នទាំងអស់ ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្តសៀមរាបទាំងមូលឱ្យមានការរីកចម្រើនថែមទៀតសំដៅកាត់បន្ថយភាពក្រីក្រ៕

nmr