ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តម សេរី ជំនះ បានឱ្យដឹងថា បច្ចុប្បន្នក្រសួងបាននិងកំពុងខិតខំយកចិត្តទុកដាក់ខ្ពស់ទាំងសម្ភារ និងបច្ចេកទេស ដើម្បីសម្រួលដល់ការរៀបចំកម្មវិធីសិក្សា ពិសេសសម្រាប់សិស្សគថ្លង់ និងពិកាភ្នែក សំដៅឈានទៅបណ្តុះធនធានមនុស្សពិការភាពនៅកម្ពុជា។
ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងពិធីបិទសិក្ខាសាលាស្តីពី ការរៀបចំកម្មវិធីសិក្សាលម្អិតរបស់វិទ្យាល័យអប់រំពិសេសសម្រាប់សិស្សគថ្លង់ និងពិការភ្នែក នាខេត្តកែប កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងកែសម្រួលកម្មវិធីសិក្សាលម្អិតរបស់វិទ្យាល័យអប់រំពិសេសពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ព្រមទាំងរៀបចំកម្មវិធីសិក្សាលម្អិតឱ្យសង្គតិភាពពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដើម្បីឱ្យវិទ្យាល័យអប់រំពិសេសទាំង៥អនុវត្ត។
ក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នមានសាលាអប់រំពិសេសបែបនេះ គឺមានទីតាំងស្ថិតនៅរាជធានីខេត្ត តាមទីតាំងផ្សេងៗគ្នា ដូចជា នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តកណ្តាល ជាដើម។