ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធមួយចំនួន ដេីម្បីពង្រឹងការអនុវត្តកាន់តែមានប្រសិទ្ធភាព

រសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជេីញចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយករង ប្រធាននាយកដ្ឋានចំណុះ និងមន្ត្រីជំនាញពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានមតិស្វាគមន៍ចំពោះអង្គប្រជុំទាំងមូល និងបានប្រកាសសមាសភាពអគ្គនាយករងថ្មី ផងដែរ។ ឯកឧត្តម ប្រធានអង្គប្រជុំមានប្រសាសន៍ថ្លែងអរគុណចំពោះលោក ឧត្តមសេនីយ៍ទោ ស៊ុយ ច័ន្ទវិជ្ជនី និងបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំទាំងអស់នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវរួបរួមសាមគ្គីគ្នាក្នុងការបំពេញភារកិច្ចឱ្យបានល្អ ដើម្បីជាកិត្តិយសរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ម្យ៉ាងវិញទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានណែនាំដល់ក្រុមគណៈប្រតិភូសវនកម្មផ្ទៃក្នុង ទាំងបីផ្នែកថា៖ (ផ្នែកសន្តិសុខសាធារណៈ ផ្នែករដ្ឋបាលស៊ីវិល និងផ្នែកពន្ធនាគារ) ត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់លើការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក ជាពិសេសលើការតែងតាំង និងដំឡើងឋានន្តរស័ក្តិដែលមានភាពមិនប្រក្រតី ដើម្បីរៀបចំរបាយការណ៍គោរពជូន សម្ដេចក្រឡាហោម ពិនិត្យ និងចាត់វិធានការបន្ត។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នឹងរួបរួម សាមគ្គីភាពផ្ទៃក្នុង ដើម្បីបំពេញតួនាទីភារកិច្ចឱ្យបានជោគជ័យ ហើយ ឯកឧត្តម បានជូនពរអគ្គនាយករងថ្មី និងសមាជិក សមាជិកា នៃអង្គប្រជុំទាំងមូល មានសុខភាពល្អ និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
nmr