ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺនិរន្តភាព និងសង្គតិភាព ដោយបន្តថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងអាណត្តិកន្លងមក និងបន្តកសាងថ្មីបន្ថែម ហើយជំរុញការអភិវឌ្ឍ និងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវសារគន្លឹះសំខាន់ៗក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ-និយោជិតចំនួន ១២ ០៦០នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស ដែលមានមូលដ្ឋានស្ថិតក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ទី២៥ តុលា ២០២៣ ដែលមានខ្លឹមសារ ដូចខាងក្រោម៖

 

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំពីវត្តមាននៃហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែរីកកកើតឡើង ដោយបានបន្តការផ្សារភ្ជាប់ប្រជាជនពីតំបន់មួយទៅតំបន់មួយកាន់តែលឿន និងផ្តល់ផលប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ការបើកការដ្ឋានពង្រីកផ្លូវជាតិលេខ ៧ ដោយមាន ៤ គន្លង និងគម្រោងព្រែកជីកហ្វូណន ដែលនឹងតភ្ជាប់សមុទ្រ និងទន្លេ ។ សមិទ្ធផលដែលយើងកំពុងមានជាង ៤០ ឆ្នាំ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល បានផ្តល់ជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះនៃលំនឹងលើគ្រប់វិស័យ និយាយជារួម និងវិស័យរោងចក្រ-សហគ្រាស និយាយដោយឡែក ។

 

ប្រជាពលរដ្ឋបានផ្តល់នូវជំនឿចិត្តតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនេះជាសក្ខីភាពយ៉ាងច្បាស់លាស់ បញ្ជាក់អំពីការគាំទ្រ និងការស្រលាញ់សុខសន្តិភាព និងបន្តអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំនាវាកម្ពុជា សំដៅឆ្ពោះទៅការអភិវឌ្ឍរីកម្រើនទៅមុខទៀត ។ មូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ គឺការណ៍ដែលប្រជាពលរដ្ឋបានចេញទៅបោះឆ្នោត ហើយការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ក៏ជាមូលដ្ឋាននៃការគាំទ្រសន្តិភាព ស្ថិរភាព និងសេចក្តីសុខសុភមង្គលក្នុងការរស់នៅរបស់ប្រជាជន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

 

ការបោះឆ្នោត គឺជាកិច្ចសន្យាក្នុងលិទ្ធិប្រជាធិបតេយ្យ ដែលមានរយៈពេល ៥ ឆ្នាំរវាងម្ចាស់ឆ្នោត និងគណបក្សនយោបាយ ។ កាលបើការដឹកនាំរបស់គណបក្សនយោបាយ ដែលទទួលបានការគាំទ្រធ្វើមិនបានល្អ នោះម្ចាស់ឆ្នោតនឹងសម្រេចចិត្តជាថ្មីនៅថ្ងៃបោះឆ្នោត ។ កន្លងមក យើងអាចកត់សម្គាល់ថា សន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា មានកាន់តែកើនឡើងពីមួយអាណត្តិទៅមួយអាណត្តិ ទាំងនេះគឺជាតឹកតាំងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តគោលនយោបាយបម្រើប្រជាពលរដ្ឋបានត្រឹមត្រូវ និងការរៀបចំចងក្រងគោលនយោបាយកាន់តែល្អ សកម្ម និងប្រកបដោយស័ក្តិសិទ្ធភាព ។

 

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់អំពីករណីនិស្សិត និងប្រជាពលរដ្ឋ នៅក្នុងប្រទេសអ៊ីស្រាអែល ដោយបានលើកឡើងថា អាយុជីវិតរបស់ប្រជាពលរដ្ឋ គឺជាគោលដៅធំដែលគណបក្សប្រជាជនកម្ពុជាតែងបានយកចិត្តទុកដាក់ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដូច្នេះ រាជរដ្ឋាភិបាល បានប្រើប្រាស់យន្តការសម្របសម្រួល និងសហការយ៉ាងសកម្មជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដោយផ្តល់អាទិភាពខ្ពស់បំផុត លើសុខភាព និងសុវត្ថិភាព របស់និស្សិត និងប្រជាពលរដ្ឋ តាមរយៈ៖ ទី១. ត្រូវរកព័ត៌មានឱ្យបានទាំងអស់អំពីនិស្សិត និងអំពីទីតាំងរស់នៅ ហើយទី២. ត្រូវពិនិត្យមើលថា នរណាខ្លះនៅក្នុងតំបន់សុវត្ថិភាព និងតំបន់គ្មានសុវត្ថិភាព ។ ប្រសិនបើនៅក្នុងតំបន់គ្មានសុវត្ថិភាព គឺចាំបាច់ត្រូវសម្របសម្រួលឱ្យមកកាន់តំបន់សុវត្ថិភាពទាំងអស់ ហើយផ្តល់ការផ្គត់ផ្គង់ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏នឹងបន្តតាមដាន និងដោះស្រាយជាប់ជាប្រចាំពាក់ព័ន្ធនឹងការស្នាក់នៅ ការហូបចុក ការសិក្សា និងសុខសុវត្ថិភាពរបស់និស្សិត និងប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ រហូតដល់ស្ថានភាពឈានទៅល្អប្រសើរ និងមានប្រក្រតីភាពឡើងវិញ ៕

nmr