ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត សួន សុខឌឿន អគ្គនាយក ក្រុមហ៊ុន អិន អឹម អ គ្រុប ផ្ញើសារជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ)៖  ឯកឧត្តមបណ្ឌិត សួន សុខឌឿន អគ្គនាយក ក្រុមហ៊ុន អិន អឹម អ គ្រុប បានផ្ញើសារជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបន្តចូលរួមចំណែកក្នុងការស្តារ និងកសាងប្រទេស ការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព សុខដុមរមនីយភាព ជូនប្រជាជនកម្ពុជាទូទាំងប្រទេស។

ក្នុងភារកិច្ចថ្មី ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោ ពិតជាដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ និងសូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

nmr