សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយសហគ្រិន ត្រកូលលីន ពិភពលោក នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ ដែលក្នុងនោះមានសមាជិក សមាជិកា របស់សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក មកពី៤ប្រទេសចូលរួមផងដែរ។
ការរៀបចំនូវកម្មវិធីនេះឡើង គឺដើម្បីផ្តល់ឱកាសក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងបានចូលរួមផ្សព្វផ្សាយបន្ថែមដល់ធុរជនជាតិ អន្តរជាតិ អំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងបាន ផ្តល់ជាកាលានុវត្តភាពពិសេស ដែលសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោកទាំងអស់ បានជួបជុំគ្នាផ្លាស់ប្តូរទស្សនៈ ស្វែងរកកិច្ចសហការ និងឱកាសវិនិយោគនានា។