ព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើដោះស្រាយបញ្ហារឿងផ្ទះបុរី មិនស្រួល អាចក្លាយជា រឿងនយោបាយ

 

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងវេទិកាបិទសន្និបាតរបស់ក្រសួងដែនដី ដែលក្រសួងនេះមានភារកិច្ចមើលការខុសត្រូវ លើសំណង់នោះ បានមានប្រសាសន៍ពីការដោះស្រាយបញ្ហារឿងផ្ទះបុរី ថា បើប្រសិនដោះស្រាយមិនស្រួលទេ អាចនឹងក្លាយជារឿងនយោបាយវិញ ។

 

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី មានប្រសាសន៍ថា “បើយើងយកនយោបាយ ទៅឡូកឡំនៅក្នុងរឿងបច្ចេកទេស គឺយើងដោះអត់ចេញទេ អាហ្នឹងហើយដូចរឿងព្រំដែន ដែលអ្នកនយោបាយមួយចំនួន នៅក្រៅប្រទេស ខំចង់យកនយោបាយមកដុត មិនឱ្យគេដោះស្រាយបច្ចេកទេសគ្រោះថ្នាក់ ។ ទុកឱ្យអ្នកបច្ចេកទេស ទុកឱ្យភាគីពាក់ព័ន្ធ សម្របសម្រួល យើងមានត្រីភាគី ក្រសួង អតិថិជន ជាមួយនឹងម្ចាស់បុរី កន្លែងខ្លះមានចតុភាគី មានអតិថិជន មានម្ចាស់បុរី មានក្រសួង និងមានម្ចាស់បំណុល ព្រោះម្ចាស់បុរីខ្លះ គាត់ក៏ខ្ចីលុយពីគេមកដើម្បីដោះ ចឹងយើងដោះ” ។

 

ក្នុងនោះសម្តេចធិបតី ក៏បានបញ្ជាក់ថា “៩៩ យើងដោះបាន៥៣នេះ ទោះបីជាមិនមានការស្រែកការប្រកាសអីផ្សេងៗ ប៉ុន្តែយើងទប់សភាពការណ៍ណាស់ បើសិនជាតាមស្តាប់តាមសំណូមពរម្នាក់ៗ ពេលខ្លះគេខឹងទៀត ហេតុអ្វីបានយើងមិនរឹង ហេតុអ្វីក៏យើងមិនព្រមចាប់អ្នកនេះចាប់អ្នកនោះ ទុកឱ្យគេធ្វើនេះធ្វើនោះបង្កបញ្ហា ខ្ញុំថារឿងនេះតែធ្វើមិនស្រួល ទៅជារឿងនយោបាយពិបាកដោះ ព្រោះមានអ្នកចាំដុត មានអ្នកចាំដុត វិទ្យុមួយចំនួនចាំតែដុតទេ ទី២ វាបង្កើតនូវភាពជ្រួលច្របល់” ។

 

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមនៅក្នុងការខិតខំដោះស្រាយនេះ រួមទាំងភាគីពាក់ព័ន្ធ មានទាំងម្ចាស់បុរី មានទាំងអតិថិជន មានទាំងម្ចាស់បំណុល ដែលរួមគ្នាដោះផងដែរ៕

nmr