ព័ត៌មានជាតិ

រន្ធ.ត់!! រថយន្តដឹកហ្គាស់វ៉ាជែង ជ្រុលទៅបុកម៉ូតូ ១គ្រឿងទៀត បណ្ដាលឱ្យមនុស្សម្នាក់ស្លា. ប់ និងម្នាក់ទៀតរបួសធ្ងន់

(ព្រៃវែង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់ ដោយសាររថយន្តដឹកហ្គាស់បើកវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូ ១គ្រឿងបណ្ដាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។ រីឯអ្នកបើកបររថយន្តរងរបួសស្រាល កាលពីវេលាម៉ោង៦៖១៣នាទីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ ៦៩-៧០ លើផ្លូវជាតិលេខ៨ ស្ថិតនៅភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

បើតាមសមត្ថកិច្ចនគរបាលស្រុកពារាំង បានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាក DAEWOOD ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 3B-9878 ប្រភេទស៊ីទែនដឹកហ្គាស់ បើកបរដោយឈ្មោះ ឡេង សុខុម ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ បើកបរក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ បានជែងរថយន្ត ១គ្រឿងមិនស្គាល់អត្តសញ្ញាណ រួចក៏ជ្រុលទៅបុកម៉ូតូ ១គ្រឿងម៉ាកហុងដាវេ៉វ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1B-8970 បើកបរក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិច បើកបរដោយឈ្មោះ ភាព ភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឫស្សីធ្លោក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានអ្នករួមដំណើរលើម៉ូតូចំនួន០១នាក់ ឈ្មោះ រិនស្រីមាន ភេទស្រី អាយុ២៦ឆ្នាំ ត្រូវជាប្រពន្ធ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណីនេះ បណ្ដាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណែកអ្នករួមដំណើរលើម៉ូតូបានស្លាប់នៅកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តរងរបួសស្រាល ចំណែកម៉ូតូ និងរថយន្តរងការខូចខាតស្រាល។

សមត្ថកិច្ចបានបន្ថែមថា ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកដល់ ធ្វើការត្រួតពិនិត្យ និងវាស់វែងកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះអ្នកបើកបរម៉ូតូត្រូវបានរថយន្តសាមុយ ដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ខេត្តព្រៃវែង។

ចំពោះសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងទាំងពីរគ្រឿង ព្រមទាំងអ្នកបើកបររថយន្ត សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្ត យកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពារាំងដើម្បីកសាងនីតិវិធីតាមផ្លូវច្បាប់៕

 

 

 

nmr