ខេត្តកណ្តាល៖ ព្រឹកថ្ងៃ ទី២៩ ខែ កក្កដា ឆ្នាំ ២០២១ អាជ្ញាធរខេត្តកណ្តាល សហការជាមួយគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានរៀបចំក្រុមការងារព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះទូទាំង១១ក្រុង-ស្រុកនៃខេត្តកណ្តាល។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីធ្វើការតាមនីតិវិធី សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដើម្បីឈានទៅដល់ការដំណើរការនាពេលខាងមុខនេះ ក្នុងគោលបំណង គឺដើម្បីផ្សព្វផ្សាយ ដល់កងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុក រៀបចំការអនុវត្តការគ្រប់គ្រង ថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ និងការងារគ្រប់គ្រងមណ្ឌលចត្តាឡីស័ក សម្រាប់ទទួលប្រជាពលករមកពីប្រទេសថៃ ដើម្បីបង្ការការឆ្លងរាលដាលមេរោគកូវីដ-១៩ បំប្លែងថ្មី (Delta) និងផ្សព្វផ្សាយ រៀបចំផែនការចាក់វ៉ាក់សាំងដល់កុមារ អាយុពី១២ឆ្នាំ ដល់១៧ឆ្នាំអោយបានឆាប់រហ័ស។
ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ប្រតិបត្តិការងារ ថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះនេះគឺធ្វើឱ្យបានជោគជ័យ ក្នុងនោះរដ្ឋបាលខេត្ត បានត្រៀមរៀបចំរួចហើយលក្ខណៈតាមការណែនាំ រៀបចំក្រុមការងារប្រចាំការខេត្ត និងជាក្រុមតាមស្រុក-ក្រុង ក្រុមប្រចាំការ Hot line និងក្រុមគ្រូពេទ្យ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់តាមកិច្ចប្រជុំតាមប្រព័ន្ធ video Zoomថា ការថែទាំ ព្យាបាលតាមផ្ទះ មានសារៈសំខាន់ណាស់ ក្នុងការជួយដោះស្រាយការលំបាករបស់អាជ្ញាធរ ទាំងការកាត់បន្ថយការចំណាយ តាមអនុសាសន៍ណែនាំ យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបានសម្តែងការកោតសរសើរដល់អាជ្ញាធរក្រុង-ស្រុក ដែលបានយកចិត្តទុកដាក់ស្តាប់ និងមានការប្តេជ្ញាខ្ពស់ ក្នុងការរៀបចំក្រុមការងារព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ នេះជាការចូលរួមចំណែកដ៏សំខាន់ ដើម្បីប្រសិទ្ធភាពការគ្រប់គ្រង និងទប់ស្កាត់នៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ខេត្តរបស់យើង៕
ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល