បន្ទាយមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនម្នាក់ ត្រូវបានគូទំនាស់កាប់នឹងពូថៅ ត្រូវ០៧កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ ដេរចំនួន៣១ថ្នេរ ព្រោះទំនាស់ពាក្យសំដីគ្នាក្នុងពេលផឹកស៊ី ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខបន្ទប់ស្នាក់នៅ ក្នុងដីរបស់ក្រុមហ៊ុនដីឡូតិ៍ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩ព្រឹក នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទួលពង្រ ស្រុកម៉ាឡៃ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ រ៉ុន រ៉េន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរល្ហុង ឃុំអូររំដួលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្នាក់នៅបន្ទប់ក្នុងដីរបស់ក្រុមហ៊ុនដីឡូតិ៍ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ បានប្តឹងថាថ្ងៃ០២ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង១០យប់ មានឈ្មោះ លី និច្ច ហៅពែក ភេទប្រុស អាយុ២០ឆ្នាំ,ស្រុកកំណើតភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានយកពូថៅធ្វើសកម្មភាព ដេញកាប់ខ្លួន ខណ:ពេលខ្លួនរត់ដួលត្រូវឈ្មោះ លី និច្ចហៅពែក កាប់ត្រូវ០៧កន្លែង និងដេរ៣១ថ្នេរ បន្ទាប់ពីធ្វើសកម្មភាព រួចជនដៃដល់បានរត់គេចខ្លួនបាត់ ។
លោកអធិការបានបញ្ជាក់ថា តាមការស្រាវជ្រាវ នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនដៃដល់ បានផឹកស៊ីជាមួយគ្នា បន្ទាប់មកក៏មានទំនាស់ពាក្យសំដី និងគ្នារហូតឈានដល់មានអំពើហិង្សានេះកើតឡើង ។ ករណីនេះកម្លាំងនគរបាលស្រុកម៉ាឡៃ កំពុងតែស្រាវជ្រាវរកជនដៃដល់ ដើម្បីឃាត់ខ្លួនយកមកសួរនាំ និងចាត់ការតាមនិតិវិធីច្បាប់ ៕