ខេត្តព្រះសីហនុ ៖ ស.ពជនរងគ្រោះ ជាមេធាវីម្នាក់ ដែលបានចុះលេងទឹកសមុទ្រ នៅឆ្នេរអូរត្រេះ១ ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃម្សិលមិញ បានអណ្តែតមកទើរលើឆ្នេរខ្សាច់ នៅម៉ោងជិត៦ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ដែលមានចម្ងាយប្រហែលជាង ១គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ។
ក្រោយកើតហេតុ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានដឹកនាំកម្លាំង និងក្រុមអ្នកមុជទឹករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័គ្រចិត្តកោះរ៉ុង តាមស្វែងរកជនរងគ្រោះទាំងយប់ ដែលបានបាត់ខ្លួនបន្ទាប់ពីចុះលេងទឹកសមុទ្រជាមួយមិត្តភក្តិ ៣នាក់ទៀត ប៉ុន្តែទឹករលកបោកយកបុរសម្នាក់ទៅបាត់ តាំងពីរសៀល រហូតមកដល់ព្រឹកថ្ងៃ៤សីហានេះ ទើបប្រទះឃើញជនរងគ្រោះ បាត់បង់ជីវិតទៅហើយ ។
តាមរយៈការស្រាវជ្រាវ សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយថា បើឃើញចរន្តទឹកកាច់ (ដូចមានក្នុងរូបភាព) កើតឡើងនៅមាត់សមុទ្រ សូមប្រញាប់ឡើងគោក ជាបន្ទាន់ ។
មនុស្សជាច្រើន ចូលចិត្តហែលទឹកសមុទ្រ ប៉ុន្តែមនុស្សភាគច្រើន មិនបានចាប់អារម្មណ៍ទេថា ពួកគេងាយនឹងលង់ទឹក បែបណានោះ នៅពេលកំពុងហែលទឹកសមុទ្រនៅមាត់ឆ្នេរ ។ ពេលមានគ្រោះថ្នាក់លង់ទឹក មនុស្សភាគច្រើនសន្មត់ថា បណ្តាលមកពីកត្តាជាតិស្រវឹង ។ ទោះយ៉ាងណា ជាញឹកញាប់មូលហេតុ អាចបណ្តាលមកពីកត្តាផ្សេងទៀតដែរ នោះគឺគេហៅថា “ចរន្តទឹកកាច់” ។
ចរន្តទឹកកាច់ កើតឡើងនៅពេលចរន្តទឹក ផ្ទៃខាងលើដ៏ខ្លាំងក្លាបុកច្រាំង ហើយចាល់យ៉ាងត្របាញ់ឆ្ពោះ ចូលទៅសមុទ្រវិញ ។
«ចរន្តទឹកកាច់»អាចទាញអ្វីៗដែលអណ្តែតលើផ្ទៃសមុទ្រចូលទៅបាតសមុទ្រ ត្រង់ចំណុចដែលវាកាច់គ្នា ជាមួយនឹងរលកទឹក ដែលហូរពីសមុទ្រ មកឆ្នេរវិញ ។ ចរន្តទឹកកាច់នេះ នៅអាមេរិក បានសម្លាប់មនុស្សជិត៥០នាក់ ជាមធ្យមរៀងរាល់ឆ្នាំ ។
ករណីលោកអ្នក ជួបចរន្តទឹកកាច់ ដោយចៀសមិនរួច សូមកុំភ័យស្លន់ស្លោ ព្រោះចរន្តទឹកកាច់នេះ គួចតែអ្វីៗ ដែលអណ្តែតលើផ្ទៃទឹកប៉ុណ្ណោះ ។ ប្រសិនបើលោកអ្នកហែលទឹកលេងនៅមាត់ឆ្នេរនោះ ចរន្តទឹកនេះនឹងទាញលោកអ្នកចូល ទៅបាតសមុទ្រយ៉ាងងាយ ព្រោះលោកអ្នកអណ្តែតនៅលើផ្ទៃទឹក ដូច្នេះមានតែងើបឈរឲ្យត្រង់ប៉ុណ្ណោះ ទើបចរន្តនេះ មិនអាចស្រូបយកលោកអ្នកទៅបាតសមុទ្របាន ប៉ុន្តែគ្រាន់តែរាងយោលយោគត្រង់ចង្កេះខ្លាំងបន្តិច ។ យកល្អ ពេលហែលទឹកមាត់ឆ្នេរ គួរមានពោង ឬអាវពោងសុវត្ថិភាព បង្ការជានិច្ច ព្រោះចរន្តទឹកកាច់នេះ អាចកើតឡើងគ្រប់ទីកន្លែងគ្រប់វិនាទី ។
សូមចែករំលែក ឫស៊ែរទុកមើល ជាចំណេះដឹង ព្រមទាំងប្រាប់មិត្តភក្តិ និងគ្រួសាររបស់លោកអ្នកឲ្យបានដឹងរឿងនេះគ្រប់ៗគ្នា ព្រោះថា មិនត្រឹមតែជួយសង្គ្រោះជីវិតខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងជួយសង្គ្រោះជីវិតអ្នកដទៃទៀតផង ៕