ព័ត៌មានថ្មីៗ

ក្រុងកោះរ៉ុងជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិ

ក្រុងកោះរ៉ុង គឺជាក្រុងដែលទើបនឹងបង្កើតថ្មីលើដែនកោះនៃខេត្តព្រះសីហនុ ហើយប្រជាពលរដ្ឋភ្ញៀវទេសចរធ្វើដំណើរទៅលេងក្រុងកោះរ៉ុង ដោយមធ្យោបាយទូក និង អូប័រ ល្បឿនលឿនដែលមានរយៈពេលចាប់ពីជាងកន្លះម៉ោងទៅតាមស្ថានភាព អាកាសធាតុ។

ក្រុងកោះរ៉ុង មានសក្តានុពលអេកូទេសចរណ៍ធម្មជាតិ ដូចជាឆ្នេរសល្អស្អាត ទឹកសមុទ្រខៀវស្រងាត់ ព្រៃឈើធម្មជាតិ និងធនធានធម្មជាតិបាតសមុទ្រ ដូចជាផ្កាថ្មជាដើម ទាំងអស់នេះដែលជាទីចាប់អារម្មណ៍ សម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិទៅលេងកំសាន្ត។

អាជ្ញាធរក្រុងកោះរ៉ុង បាននឹងកំពុងបង្កើតរមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកលេងកំសាន្ត  ស្ថិតនៅក្នុងភូមិដើមថ្កូវនិងភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដែល មានផ្ទៃដី ២១ហិចតា ។

លោក ស្រេង សុខ ប្រធានសហគមន៍ អេកូទេសចរណ៍ ព្រែកតាសុខ ក្រុងកោះរ៉ុង បានឲ្យដឹងថា ការបង្កើតសហគមន៍នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ឱ្យចេះស្រឡាញ់ ការពារបរិស្ថាន-ថែរក្សា និងអភិរក្សធនធានធម្មជាតិនៅក្នុងសហគមន៍ -រៀបចំសក្តានុពលនៃសហគមន៍ អោយក្លាយជាប្រយោជន៍សម្រាប់ប្រជាសហគមន៍ និងសម្រាប់មូលដ្ឋាន -រៀបចំសហគមន៍ឲ្យក្លាយជាតំបន់ទេសចរណ៍ថ្មីមួយ ដែលផ្សារភ្ជាប់ជាមួយធម្មជាតិ បរិស្ថាន ប្រកបដោយការទាក់ទាញ-អភិរក្ស និងស្តារឡើងវិញ នូវធនធានព្រៃលិចទឹក ជាពិសេសព្រៃកោងកាងដែលជាជម្រកជីវៈចម្រុះរបស់មច្ឆជាតិ។

បើតាមលោក ស្រេង សុខ សហគមន៍អេកូទេសចរណ៍ព្រែកតាសុក មានគោលដៅបង្កើតឱកាសការងារ និងអាជីពពិតប្រាកដល់ប្រជាសហគមន៍ ដើម្បីលើក ស្ទួយ  កំរិតជីវភាពរបស់ប្រជាពលរដ្ឋ  ក្នុងសហគមន៍និងបើក ដំណើរការនៅក្នុងអំឡុងខែវិច្ចិកាឆ្នាំ ២០២១ ខាងមុខនេះ៕

nmr