ព័ត៌មានថ្មីៗ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រាជដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ អំឡុងពេលពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ…

លោកស្រីថា ប្រសិនបើមិនមានការចាត់វិធានការឲ្យបានទាន់ពេលវេលាទេនោះ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នឹងផ្ទុះឡើងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ ហើយឈានទៅរកស្ថានភាពធ្ងន់ធ្ងរក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានកត់សម្គាល់ថា នៅពេលដែលមានការចល័តរបស់មនុស្សពីទីកន្លែងមួយទៅទីកន្លែងមួយកាន់តែច្រើន នោះហានិភ័យនៃការនាំយកទៅជាមួយនូវវីរុសកូវីដ១៩ ដើម្បីចម្លងបន្តគ្នាក៏កាន់តែខ្ពស់ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥កញ្ញា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារសម្លេងពិសេសជូនជនរួមជាតិដោយបញ្ជាក់ថា បើមិនផ្អាកកម្មវិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌទេ នឹងធ្វើឱ្យមានមហន្តរាយដល់សុខភាពសាធារណៈ និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាក់ជាមិនខាន ខណៈក្នុងរយៈពេលកាន់បិណ្ឌពីរថ្ងៃដំបូងនៃពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមទីអារាមជាច្រើនបានរកឃើញការផ្ទុះឡើងនូវជំងឺកូវីដ១៩ គួរឱ្យកត់សម្គាល់។ សម្តេចតេជោបន្តថា ការរក្សាជីវិតឱ្យបាន គឺជារឿងដ៏ចាំបាច់បំផុត បើរក្សាជីវិតបាន មិនខ្វះពេលធ្វើបុណ្យទាននោះឡើយ។ ដូច្នេះ សម្តេចអំពាវនាវឱ្យប្រជាពលរដ្ឋមានការយោគយល់។

សម្ដេចតេជោបន្តថា វ៉ាក់សាំងតែមួយមុខ មិនអាចការពារយើងរួចផុតពីមេរោគរាតត្បាតកូវីដ-១៩ នោះទេ តែយើងត្រូវអនុវត្តតាមវិធានសុខាភិបាល គឺ៣កុំ ៣ការពារ ដើម្បីចៀសផុតពីមេរោគចម្លងរាតត្បាតដ៏កាចសាហាវនេះ៕

nmr