ព័ត៌មានថ្មីៗ

 ក្រសួងមហាផ្ទៃ សម្រេចបណ្តេញជនជាតិចិន នាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា ក្រោយផ្សព្វផ្សាយបំភ្លៃការពិតរឿងទិញវ៉ាក់សាំង

ការបណ្តេញជនជាតិចិនរូបនេះ បានធ្វើឡើងបន្ទាប់ពីរូបគេត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ក្រោយពីបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម Wechat របស់សារព័ត៌មានឈ្មោះ Angkor Today ថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ»។ ការផ្សព្វផ្សាយនេះត្រូវបានច្រានចោល និងថ្កោលទោសទាំងស្រុងដោយក្រសួងសុខាភិបាល។

ក្រៅពីបណ្តេញចេញជនជាតិចិនរូបនេះ ក៏ត្រូវបានហាមឃាត់មិនឱ្យចូលមកប្រទេសកម្ពុជាជាថ្មីផងដែរ។ មិនតែប៉ុណ្ណោះ សារព័ត៌មាន Angkor Today ក៏ត្រូវបានក្រសួងព័ត៌មានកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណផងដែរ។

តាមប្រការ១ នៃប្រកាសនេះ បញ្ជាក់យ៉ាងដូច្នេះថា៖ «បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសឈ្មោះ Shen Kaidong ភេទប្រុស ជនជាតិចិន សញ្ជាតិចិន កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៦៩ លិខិតឆ្លងដែនលេខ E99812704 ពាក់ព័ន្ធបទប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសដើមវិញ និងហាមឃាត់ចូលព្រះរាជាណាចក្រកម្ពុជា»។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ការបណ្តេញជនជាតិចិនរូបនេះចេញពីកម្ពុជា ធ្វើឡើងបន្ទាប់ពីមានសំណើរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកបានបញ្ជាក់ឱ្យដឹងថា ជនជាតិចិនរូបនេះ បានចូលមកប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៩ ហើយឆ្នាំ២០១៥ បានចាប់ផ្តើមការងារជានិពន្ធនាយក នៅសារព័ត៌មានអង្គរធូដេ (Angkor Today) ប្រចាំខេត្តសៀមរាប ដែលមានទីតាំងនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានឈ្មោះ អ៊ុង គង្គា ជាចាងហ្វាង។

លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ជនជាតិចិនរូបនេះ បានទទួលស្គាល់លើកំហុសវិជ្ជាជីវៈ ដោយសារតែទទួលបានសារអនាមិកដែលថា មានការយកថ្លៃសេវាចាក់វ៉ាក់សាំងកូវីដ១៩ ប្រមាណ១២០ដុល្លារក្នុងម្នាក់ៗ នៅមន្ទីរពេទ្យកាល់ម៉ែត ហើយបានផ្សព្វផ្សាយបន្ត ដោយមិនបានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។

បើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល បានចាត់ទុកថា ការផ្សព្វផ្សាយរបស់ Angkor Today គឺជារឿងផ្តេសផ្តាស់បំផុត។ លោកស្រីបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន នៅកម្ពុជា គឺបាន និងកំពុងចាក់ទៅលើក្រុមមនុស្សអាទិភាព ដែលក្រសួងសុខាភិបាលប្រកាសប៉ុណ្ណោះ មិនទាន់មានការចាក់ទៅលើមនុស្សទូទៅឡើយ៕

nmr