យោងតាមសារព័ត៌មាន សិង្ហបុរី រ៉យទ័រ បានចេញផ្សាយថាSINGAPORE, (Reuters) - កាលពីថ្ងៃច័ន្ទ នាវាដឹកយន្តហោះថ្មីរបស់អង់គ្លេសឈ្មោះ HMS Queen Elizabeth បានចូលចតនៅប្រទេសសិង្ហបុរី ដែលជាផ្នែកមួយនៃការបង្ហាញខ្លួនជាថ្មីម្តងទៀតនៅទូទាំងពិភពលោក និងបង្កើនវត្តមានយោធារបស់ខ្លួននៅតំបន់អាស៊ី ចំពេលមានការកើនឡើងនៃការប្រកួតប្រជែងក្នុងចំណោមប្រទេសមហាអំណាចជាច្រើន ។
នាវាឈ្មោះ Queen Elizabeth បានដឹកនាំក្រុមនាវាប្រយុទ្ធរបស់ចក្រភពអង់គ្លេសក្នុងការធ្វើសមយុទ្ធជាមួយយោធាសិង្ហបុរីនៅចុងសប្តាហ៍នេះ រួមទាំងសមយុទ្ធកងទ័ពជើងទឹក និងការធ្វើសមយុទ្ធប្រយុទ្ធជាមួយយន្តហោះបំបាំងកាយ F-35B និងយន្តហោះ F-16 ជាច្រើនគ្រឿង។
ប្រទេសអង់គ្លេសគ្រោងនឹងដាក់ពង្រាយនាវាចម្បាំងពីរគ្រឿងជាអចិន្ត្រៃយ៍នៅក្នុងដែនទឹកតំបន់អាស៊ី ជាកន្លែងដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចកំពុងព្យាយាមទប់ស្កាត់ការធ្វើយោធូបនីយកម្មរបស់ចិន និងការសាងសង់កោះនៅសមុទ្រដែលមានសារៈសំខាន់ចំពោះពាណិជ្ជកម្មពិភពលោកដែលមានតម្លៃរាប់ពាន់លានដុល្លារ។
មេបញ្ជាការក្រុមនាវាប្រយុទ្ធលោក Steve Moorhouse បានប្រាប់សារព័ត៌មានរ៉យទ័រនៅលើនាវាថ្មីដែលមានទម្ងន់ ៦៥.០០០តោនថា “ការពិនិត្យឡើងវិញរួមរបស់យើងនាពេលថ្មីៗនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបំណងរបស់ចក្រភពអង់គ្លេសដែលមានទំនោរមកកាន់តំបន់នេះ និងមានការបង្កើនវត្តមាន ព្រមទាំងការបង្ហាញខ្លួនជាអចិន្ត្រៃយ៍កាន់តែច្រើន” ។
“វត្តមានរបស់នាវាQueen Elizabeth កំពុងដាក់ពង្រាយនៅទីនេះសម្រាប់បំពេញប្រតិបត្តិការលើកដំបូងនោះជាការបង្ហាញនូវទំនោរក្នុងតំបន់នេះ” ។
បើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេសថា សិង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាង ៤០ ដែលក្រុមនាវាប្រយុទ្ធនេះនឹងធ្វើទំនាក់ទំនងតាមរយៈដំណើរទស្សនកិច្ច ឬការធ្វើសមយុទ្ធអំឡុងការដាក់ពង្រាយនាវាជាសកលរបស់ខ្លួន ៕