(ភ្នំពេញ)៖ ការសំណូមពរនេះ គឺស្របពេលដែលលោកអភិបាលខណ្ឌបញ្ជាកម្លាំងសណ្ដាប់ធ្នាប់នៃការិយាល័យសាធារណការ ដឹកជញ្ជូនអនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់ខណ្ឌទួលគោក ចុះកាយកាកសំណល់សំរាមផ្សេងៗនៅតាមបណ្ដាមាត់លូនានា (ឌីហ្គែ) ពិសេសនៅកំណាត់ផ្លូវលេខ២៤៥ និងផ្លូវលេខ២៣០ (ស្តុបកោសដូង) ជាប់ព្រំប្រទល់សង្កាត់បឹងសាឡាង សង្កាត់ទឹកល្អក់ទី៣ និងសង្កាត់ផ្សារដើមគ (៣សង្កាត់) នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានស្នើយ៉ាងទទូចដល់ប្រជាពលរដ្ឋបញ្ឈប់ការបោះចោល រាល់កាកសំណល់ផ្សេងៗ នៅតាមក្បែរលូរំដោះទឹក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពីព្រោះសំរាមធ្វើឱ្យស្ទុះលូទឹកហូរមិនទាន់ បណ្ដាលឱ្យលិចលង់តាមផ្លូវ ពិបាកក្នុងការធ្វើដំណើរជាដើម។
ការសំណូមពរនេះ ក៏ដើម្បីចូលរួមរក្សាបាននូវអនាម័យ បរិស្ថានល្អ លើកកម្ពស់សោភ័ណ្ឌភាពទីក្រុង និងការរស់នៅប្រកបដោយផាសុកភាព។
លោកបានបន្តថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យទប់ស្កាត់ការចោលសំរាម ឬដុតសំរាមតាមទីសាធាណៈ ដែលនឹងត្រូវពិន័យជាអន្តរការ ដើម្បីគ្រប់គ្រងសំណល់រឹង-សំណល់រាវ ពីគុណភាពបរិស្ថានជាអាទិភាព ចំពោះការបំពុលបរិស្ថាន ដែលធ្វើឱ្យជួបប្រទះនូវបញ្ហាជាច្រើនដល់សុខភាព សេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុជាដើម៕