បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កូនអកតញ្ញូម្នាក់ បន្ទាប់ពីហត់មកពីដើរលេងវិញ ដល់ផ្ទះគ្មានបាយហូប ក៏ទាញដំបងឈើជ្រុងដេញវាយម្តាយបង្កើត បណ្តាលឲ្យរងរបួស នៅចំណុចក្រុមទី០៣ ភូមិបែកចានថ្មី សង្កាត់ ព្រែក ព្រះស្ដេច ក្រុងបាត់ដំបង ។
តាមរបាយការណ៍ បានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី ដែលជនសង្ស័យឈ្មោះ ដាង ចម្រើន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងមូលដ្ឋានខាងលើបានយកដំបងឈើជ្រុងវាយទៅលើជនរងគ្រោះជាម្តាយឈ្មោះ ខាន់ ស៊ីចាន់ អាយុ៦២ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាងលើ បណ្ដាលឱ្យរងរបួសបែកក្បាល ។
នៅពេលទទួលបានព័ត៌មាននេះភា្លម អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងក្នុងអង្គភាពចុះឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងបាត់ដំង និងដកហូតបានឈើជ្រុងចំនួន០១កំណាត់ជាវត្ថុតាងផង ។
នៅពេលសាកសួរអំពីមូលហេតុ ដែលនាំទៅដល់ករណីហិង្សា វាយម្តាយបង្កើតរបស់ខ្លួនបែបនេះ គឺដោយសារតែខ្លួនទើបនឹងមកពីដើរលែងខាងក្រៅផ្ទះវិញ ហើយម្តាយមិនបានទុកបាយឱ្យបរិភោគ ។
បច្ចុប្បន្នជនសង្ស័យខាងលើ នគរបាលក្រុងបានរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕