មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានស្នើដល់ភាគីកម្ពុជាបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ និងរៀបចំដំឡើងនូវច្រកទ្វារព្រំដែនថ្មីបន្ថែមទៀត ដើម្បីលើកកម្ពស់ការដោះដូរទំនិញរវាងប្រទេសទាំងពីរឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក Nguyen Minh Vu เหงียน มินห์ วู អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយលោកសន្តិបណ្ឌិត សុខ ផលរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុងជំនួបនោះ លោក Nguyen Minh Vuបានស្នើដល់ភាគីកម្ពុជាជួយពិនិត្យលទ្ធភាពរៀបចំបើកនូវច្រកទ្វារព្រំដែនមួយចំនួនឡើងវិញ ដែលមានច្រកទ្វារព្រំដែនមួយចំនួនមិនទាន់បានបើកដំណើរការនៅឡើយ ហើយក៏ដូចជាស្នើឱ្យមានការពិនិត្យ និងពិភាក្សាគ្នារវាងប្រទេសទាំងពីរដើម្បីរៀបចំឱ្យមានការដំឡើងនូវច្រកទ្វារព្រំដែនថ្មីបន្ថែមទៀត ព្រមទាំងស្នើឱ្យកម្ពុជាសហការរួមគ្នារៀបចំកិច្ចការងារពាក់ព័ន្ធមួយចំនួននៅតាមខ្សែបន្ទាប់ព្រំដែននៃប្រទេសទាំងពីរសំដៅធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរមានស្ថេរភាពជានិរន្ត៍។
ជាការឆ្លើយតប លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានទទួលយកសំណើ ក៏ដូចជាការលើកឡើងរបស់ អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយនិងពិនិត្យមើលនិងប្រជុំពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀតដើម្បីដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាពិនិត្យ និងសម្រេចបន្ត។
លោកបានមានប្រសាសន៍ថា ដោយឡែកចំពោះកិច្ចព្រមព្រៀង ឬក៏លក្ខណៈដទៃដែលមានជាមួយគ្នាកន្លងមកលោកនឹងពិនិត្យមើលឡើងវិញដើម្បីរៀបចំការងារបើកច្រកទ្វារព្រំដែននៃប្រទេសទាំងពីរ ដើម្បីជួយសម្រួលដល់ការរស់នៅ និងទំនាក់ទំនងដោះដូរទំនិញរបស់ប្រទេសពលរដ្ឋទាំងពីរមានភាពល្អប្រសើរឡើងវិញ។លោកសន្តិបណ្ឌិត សុខ ផល ក៏បានជម្រាបជួនអនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមពីស្ថានភាពនៃប្រទេសកម្ពុជាបច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងតែបើកដំណើរការប្រទេសឡើងវិញស្ទើរទាំងស្រុងបន្ទាបពីកម្ពុជាមានស្ថានភាពធូរស្រាល ដែលបានទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ បានជោគជ័យ។លោកNguyen Minh Vu បានសម្តែងការអបអរសាទរដល់កម្ពុជាដែលបានយកឈ្នះលើជំងឺកូវីដ-១៩យ៉ាងធំធេង ខណៈវៀតណាមកំពុងតែមានការប្រឈមកាន់តែខ្លាំងឡើងដដែល៕