កាលពីឆ្នាំ២០២១កន្លងទៅ យ៉ាងហោចណាស់ពលករខ្មែរជាង ៤០០០នាក់ បានឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងាឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញថា នៅឆ្នាំ២០២១ សម្រាប់ខេត្តបន្ទាយមានជ័យ មានពលរដ្ឋបានធ្វើការចំណាកស្រុកចំនួនជាង ៦៣ ០០០នាក់ ក្នុងនោះ មានកុមារចំនួនជាង ៧០០០នាក់ និងព្រះសង្ឃចំនួន ៩អង្គ ។
របាយការណ៍ បានបន្តថា នៅឆ្នាំដដែលនេះ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ តាមច្រកអន្តរជាតិប៉ោយប៉ែត ចំនួន៣៤១លើក សរុបចំនួន ៤ ៦៩២នាក់ ក្នុងនោះស្រ្តីចំនួន ២ ១៩៨នាក់ និងកុមារចំនួន ៤៥៩នាក់ ដោយពិនិត្យឃើញវិជ្ជមានកូវីដ១៩ ចំនួន៤៩នាក់ ស្រី១៩នាក់ ។
ពាក់ព័ន្ធនឹងបញ្ហាឆ្លងដែននេះលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា នារយៈពេលចុងក្រោយនេះ សកម្មភាពនៃការឆ្លងដែនរបស់ពលករ មកពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបន្ទាយមានជ័យ នៅតែមានចំនួនច្រើន ដោយ ក្នុងមួយថ្ងៃចាប់ពី ៣០០ ទៅ៥០០នាក់ ។
លោក បានបញ្ជាក់ថា ទន្ទឹមនឹងការវិលត្រឡប់មកនេះ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ បានពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ រួមទាំងអ្នកមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវបានបញ្ជូនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា រួមទាំងការឲ្យធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ខណៈអ្នកមានវិជ្ជមានកូវីដ១៩ ត្រូវបញ្ជូនទៅព្យាបាល ។
គួរបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យនេះ កាលពីឆ្នាំ២០២១កន្លងទៅ តាមច្រកមួយចំនួន ជាប់ខេត្ត ដូចជាច្រកបឹងត្រកួន ច្រកប៉ោយប៉ែត ច្រកអូរបីជាន់ និងច្រកស្រុកម៉ាឡៃជាដើម មានសកម្មភាពពលករឆ្លងដែន មកពីប្រទេសថៃរាល់ថ្ងៃ ធ្វើឲ្យអាជ្ញាធរខេត្ត បានពង្រីកនូវមណ្ឌលចត្តាឡីស័ក ឬមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ហើយអំឡុងនៃការឆ្លងរាលដាលនៃជំងឺនេះ ក៏មានសកម្មភាពលួចឆ្លងដែនខុសច្បាប់ ត្រូវបានអាជ្ញាធរទាំងខ្មែរ និងថៃចាប់បញ្ជូនមកវិញ ខណៈមេខ្យល់ដែលជាអ្នកនាំផ្លូវមួយចំនួន ត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការផងដែរ ៕