ពលរដ្ឋខ្មែរ២៣នាក់នៅអ៊ុយក្រែនមានសុវត្ថិភាពជាធម្មតា។ នេះបើតាមការឲ្យដឹងពី ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នារសៀលថ្ងៃទី២៨ ខែកុម្ភៈនេះ។
ឯកឧត្តម ជុំ សុន្ទរី បានឲ្យដឹងថា បន្ថែមលើព័ត៌មានដែលបានជំរាបជូនកាលពីថ្ងៃទី២៥ ខែកុម្ភៈ ក៏ដូចជាព្រឹក និងរសៀល ថ្ងៃទី២៦ ខែកុម្ភៈ «ខ្ញុំសូមជំរាបជូនថា ស្ថានទូតយើងប្រចាំនៅប្រទេសរុស្សី បានរក្សាទំនាក់ទំនងជាប់ជាមួយក្រុមអតីតនិស្សិតកម្ពុជាទាំងចំនួន២៣នាក់ ដែលកំពុងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេនៅប្រទេសអ៊ុយក្រែន»។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា «តាមព័ត៌មានដែលស្ថានទូតទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈ ពួកគាត់ទាំងអស់គ្នាមានសុវត្ថភាពជាធម្មតាទេ»។ ពួកគាត់ក៏បានអោយដឹងផងដែរថា បុរសអ៊ុយក្រែនអាយុពី១៨ឆ្នាំ ទៅ៦០ឆ្នាំ មិនអាចចេញពីប្រទេសបានទេ ដោយត្រូវនៅជួយការពារប្រទេស។