ព័ត៌មានថ្មីៗ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ និងសមិទ្ធផលនានា ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង

នាព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ និងសមិទ្ធផលនានា ស្ថិតនៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត-អភិបាលខេត្ត កងកម្លាំងគ្រប់ប្រភេទ លោកគ្រូ-អ្នកគ្រូ និងសិក្សានុសិស្ស ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម លោក ស្រេង សុខា អភិបាល នៃគណៈអភិបាលស្រុកបាណន់ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍ អំពីការសាងសង់អគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ និងសមិទ្ធផលនានា។ ជំនួសមុខឱ្យអាណាព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងទាំងអស់ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្តល់កត្តិយសអញ្ជើញជាអធិបតីនាពេលនេះ។ តាងនាមឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ គណៈអភិបាលស្រុកមានសេចក្តីរីករាយឥតឧបមា ដែលទទួលបាននូវអគាសិក្សាថ្មីនេះដែរ ដែលថ្នាក់ដឹកនាំពិតជាបានរួមចំណែករំលែកការលំបាក រួមចំណែកកាត់បន្ថយភាពក្រីក្រ រួមទាំងបានរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស កាន់តែមានសក្តានុពលថែមទៀត។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានសម្តែងនូវសេចក្តីរីករាយនូវសមិទ្ធផលថ្មីៗពាក់ព័ន្ធវិស័យអប់រំ ជាពិសេសសាលាមត្តេយ្យដែលយើងពុំអាចមើលរំលងបាននោះទេ ព្រោះក្មេងត្រូវការអប់រំពីតូចទៅ ទម្រាំដល់អាយុ៦ឆ្នាំដល់បឋមសិក្សា ក្រៅពីនោះក៏មានសមទ្ធិផលនានាជាច្រើនទៀតដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចក្រឡាហោម បានថ្លែងអំណរគុណ និងកោតសរសើរ ដល់សប្បុរសជននានាដែលបានចូលរួមចំណែកក្នុងការសាងសង់សមិទ្ធផលថ្មីៗទាំងនេះ។ ទន្ទឹមនឹងនេះក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង សូមធ្វើការណែនាំដល់មន្ត្រីនានា ដោយសម្តេចក្រឡាហោម បានលើកឡើងថាក្នុងនាមយើងជាមន្ត្រីសាធារណៈ ជាបុគ្គលសាធារណៈ យើងធ្វើអ្វីក៏ដោយមិនត្រូវបែងចែកនិន្នាការនយោបាយឡើយ។ បើយើងជាក្រុមប្រឹក្សាស្រុក ជាក្រុមប្រឹក្សាឃុំ ជំទប់ ស្មៀន មេភូមិ អ្នកដឹកនាំភូមិ មេប៉ុស្តិ៍ នគរបាលរដ្ឋបាល ប៉ុស្តិ៍សុខភាព គឺជាមុខងារសាធារណៈត្រូវធ្វើទៅតាមតួនាទី ភារកិច្ចដូចដែលបានចែង។ យ៉ាងណាមិញការអភិវឌ្ឍន៍លើវិស័យផ្សេងទៀត ដូចជាសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ ទំនប់ប្រឡាយទឹក ត្រូវបម្រើជូនដល់ប្រពលរដ្ឋគ្រប់រូប ជារួម មិនមែនជារបស់បុគ្គលឬបក្សពួកតែមួយក្រុមនោះទេ។
សម្តេចក្រឡាហោម ក៏បានលើកឡើង ពីកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយសម្តេចក្រឡាហោម បន្ថែមថារាជរដ្ឋាភិបាល បានបែងចែកតួនាទីការទទួលខុសត្រូវឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ ហើយមន្ត្រីត្រូវតែផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ត្រូវតែដឹងសុខទុក្ខប្រជាពលរដ្ឋជាប់ជាប្រចាំ ដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ ក្តាប់ព័ត៌មានឱ្យបានជាប់ ផ្សារភ្ជាប់ជាមួយពលរដ្ឋឱ្យជិតស្និត ហើយចុះទៅតាមមូលដ្ឋានផ្ទាល់ដើម្បីដឹងសុខទុក្ខរបស់ពួកគាត់។
ជាមួយគ្នានេះត្រូវពង្រឹងការបើកវេទិការសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋហ៊ាននិយាយ ហ៊ានថា ក្នុងន័យស្ថាបនា ដូច្នេះការបម្រើប្រជាពលរដ្ឋនេះពិតជាមានសារៈសំខាន់ណាស់ ដោយមិនត្រូវមើលស្រាលហើយបន្តអនុវត្តឱ្យដូចភ្លៀងរលឹម។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងអំពីខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទទួលបានជោគជ័យជាបន្តបន្ទាប់ ស្របតាមគោលដៅច្បាស់លាស់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គឺការចាក់វ៉ាក់សាំង ដែលជាយុទ្ធសាស្ត្រមួយដ៏សំខាន់ក្នុងការសង្រ្គោះប្រជាពលរដ្ឋចេញពីសេចក្តីស្លាប់។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ក៏បានអញ្ជើញចុះហត្ថលេខាលើក្រាំងមាសដាក់សម្ពោធឱ្យប្រើប្រាស់សាលាមេត្តយ្យសិក្សាអេឌី និងហ្គាប៊ីន សេន ស្ថិតក្នុងឃុំឈើទាលស្រុកបាណន់ផងដែរ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
nmr