ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សណ្ឋាគារ ផ្ទះសំណាក់នៅតំបន់ទេសចរណ៍សំខាន់ៗត្រូវបានភ្ញៀវទេសចរណ៍កក់ ស្ទើរតែពេញទៅហើយ នៅមុនបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ សណ្ឋាគារ ផ្ទះសំណាក់ នៅតំបន់ទេសចរណ៍សំខាន់ៗក្នុងប្រទេសកម្ពុជា ជាពិសេសតំបន់ទេសចរណ៍នៅខេត្តជាប់តំបន់ឆ្នេរ មានខេត្តព្រះសីហនុជាដើម ត្រូវបានកក់ស្ទើរតែពេញទៅហើយនៅមុនឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
បើយោងតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍ បានសង្កេតឃើញ និងរំពឹងថា ភ្ញៀវទេសចរនឹងចេញដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំខាងមុខ ខណៈមកទល់ពេលនេះ នៅគោលដៅធំៗមួយចំនួន មានការកក់សណ្ឋាគារ ផ្ទះសំណាក់ជាច្រើន ដូចជា នៅសៀមរាប មណ្ឌលគិរី និងជាពិសេសខេត្តនៅជាប់និងតំបន់ឆ្នេរជាដើម។
លោកជំទាវ ឆាយ ស៊ីវលីន ដែលជាប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីដែលនិងខិតជិតចូលមកដល់នេះ ប្រជាពលរដ្ឋខ្មែរ បានកក់សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋានឯកជនជាបណ្ដើរៗនៅតាមបណ្ដាខេត្តនានា ដូចជា នៅខេត្តជាប់តំបន់ឆ្នេរ មានការកក់សឹងតែពេញទៅហើយ រីឯនៅខាងប៉ែកភាគឦសាន ក៏មានការកក់ច្រើន ហើយនៅខាងខេត្តសៀមរាប ក៏កក់ច្រើនដែរ។
លោកជំទាវ បានឱ្យដឹងទៀតថា ក្រៅអំពីខេត្តសៀមរាប និងតំបន់ឆ្នេរសមុទ្រ ភ្ញៀវទេសចរ ក៏អាចទៅទស្សនាកម្សាន្តនៅតាមតំបន់អេកូទេសចរណ៍ផ្សេងៗទៀត ដូចជានៅខេត្តកោះកុង នៅខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរីនៅតំបន់ភូមិភាគឦសាន ដែលសម្បូរទៅដល់តំបន់ទេសចរណ៍ច្រើន និងអាកាសធាតុល្អ។

nmr