ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ពិធីបុណ្យខួបគម្រប់៣ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន្ធព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនមហាឧបាសក លីន គ្រី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២
មហាឧបាសិកា ប៊ុន សាមលេន និងឧបាសក គីម ទូច ព្រមទាំងបុត្រ និងចៅ ឯកឧត្តម គ្រី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ និងចៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុត្រ និងចៅ លោកជំទាវ ប៊ុន សុថា និងឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំងបុត្រ និងចៅ ដែលត្រូវជាកូនបង្កើត កូនប្រសារ ចៅ ចៅទួតទាំងអស់ បានរៀបចំពិធីបុណ្យ ខួបគម្រប់៣ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន្ធ ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិស មហាកុសលជូនមហាឧបាសក លីន គ្រី ដែលពិធីបុណ្យបានប្រារព្ធធ្វើឡើងនៅវត្តមុន្នីសុវណ្ណ ហៅវត្ត ចំពុះក្អែក ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់សម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្នុងស្ថាប័ននិតិបញ្ញត្តិ ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋ មន្រ្តី រដ្ឋមន្រ្តី អ្នកឧកញ៉ា លោកឧកញ៉ា ថ្នាក់ដឹកនាំ មន្រ្តីអ្នកមុខអ្នកការ ញាតិមិត្ត សាច់សារលោហិតជាច្រើនរូប។
តាមរយៈពិធីសាសនាប្រកបដោយទឹកចិត្តដ៏ជ្រះថ្លា និងពោរពេញដោយភាពកត្តញ្ញូនេះ សម្តេច ឯកឧត្តម លោកជំទាវ ជាបុត្រធិតា ចៅ ចៅទួតទាំងអស់របស់មហាឧបាសិកា លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី រួមទាំងញាតិសាច់សាលោហិត ពិតជាមានក្តីនឹករលឹករកពាក្យអ្វីមកប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់លោកអ្នកដ៏មានគុណនៃកូនចៅ ចៅទួតទាំងអស់ ដោយសូមឧទ្ទិសមហាកុសលដ៏ខ្ពង់ខ្ពស់បំផុតជូនលោកទាំងទ្វេ ជាមួយនឹងសេចក្តីគោរពស្រលាញ់ នឹករលឹក ប្រកបដោយក្តីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាតំណាង នៃអ្នកផ្តើមបុណ្យ បានវេរប្រគេនព្រះសង្ឃដែលនិមន្តមកពីវត្តចំនួន១២ នូវគ្រឿងឧបភោគបរិភោគរួមមាន ៖ ទេយ្យទាន១កញ្ចប់ ភេសជ្ជៈជាច្រើនមុខ ទឹកបរិសុទ្ធ ទឹកដោះគោ កាកាវ ស្កសរ តែ នំ មៀនកំប៉ុង មី ត្រីខកំប៉ុង និងអង្គរ។
តាមរយៈកុសលផលបុណ្យដែលកើតចេញពីពិធីបុណ្យនេះ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ និងព្រះសង្ឃចំនួន១២ព្រះអង្គ បានប្រោសព្រំប្រសិទ្ធពរជ័យបវរមហាប្រសើរជូនដល់វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះទៅកាន់លោកខាងមុខហើយនោះបានយោងយិតទៅចាប់បដិសន្ធិក្នុងឋានបរមសុខកុំបីឃ្លាងឃ្លាតឡើយ។ មនុញ្ញផលដ៏ប្រសើរថ្លៃថ្លាក្នុងពេលនេះដែរ សូមបារមីវត្ថុស័ក្តិសិទ្ធនៅតាមទីអារាមទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមជួយបីបាច់ថែរក្សាការពារ ឯកឧត្តម លោកជំទាវ ជាកូន ចៅ ចៅទួតទាំងអស់ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឈ្នះអស់មាសត្រូវ ទទួល បាននូវជោគជ័យថ្មីៗទៀត ក្នុងកិច្ច ការបំរើប្រទេសជាតិមាតុភូមិ ព្រមទាំងមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីបន្តស្ថិតនៅជាមគ្គុទ្ទេសក៍ដ៏ឆ្នើម ថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងឡើងថែមទៀត៕
nmr