ស្វាយរៀង: សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានប្រើហិង្សាកាប់ទៅលើបងស្រីបង្កើត និងបងថ្លៃជាជនជាតិបារាំង ដោយសារទំនាស់ពាក្យសម្តីគ្នាក្នុងរឿងដីធ្លី។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៩ខែឧសភាឆ្នាំ២០២២ នៅចំណុចភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល។
សមត្ថកិច្ចនគរបាលស្រុករំដួលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុង មរ័ អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល។ ចំណែកជនរងគ្រោះមានឈ្មោះ Dionnet Pascal ភេទប្រុសអាយុ៥៩ឆ្នាំ ជនជាតិបារាំង រងរបួសក្បាលផ្នែកខាងក្រោយ និងប្រពន្ធឈ្មោះ អ៊ុង ទូច អាយុ៥៥ឆ្នាំ (ត្រូវជាបងបង្កើតរបស់ជនសង្ស័យ)។ អ្នកទាំង២នាក់រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យជាមួយបងស្រីបង្កើតមានទំនាស់ពាក្យសម្តីគ្នារឿងដីធ្លីយ៉ាងខ្លាំង រហូតឈានដល់ប្រើហិង្សា ដោយជនសង្ស័យបានទាញយកបានពូថៅកាប់ទៅលើបងថ្លៃ និងបងស្រីបង្កើត បង្កការភ្ញាក់ដល់ក្រុមគ្រួសារ និងអ្នកភូមិចេញមកឃាត់ និងរាយការណ៍មកសមត្ថកិច្ចទៅធ្វើអន្តរាគមន៍ និងបានឃាត់ខ្លួនជនសង្ស័យមកសាកសួរ។
បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមច្បាប់៕