ឧត្តរមានជ័យៈ អាជ្ញាធរខេត្តជាប់ព្រំដែន កម្ពុជា-ថៃ បានសម្របសម្រួលគ្នា បើកច្រកអន្តរជាតិ ជាំសាងាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ព្រំដែនស្រុកភូស៊ីង ខេត្តស៊ីសាកេត ឲ្យដំណើរការបន្ថែមទៀត ដើម្បីផ្តល់ឱកាស ដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ បានប្រាស្រ័យទំនាក់ទំនង និងដោះដូរទំនិញគ្នា ជាធម្មតាឡើងវិញ ក្រោយពីបានធូរស្រាល នូវវិបត្តិកូវីដ-១៩។
ការសម្របសម្រួល នៃដំណើរការបើកច្រកអន្តរជាតិជាំ សាងាំឡើងវិញនេះ នៅមុខច្រកដីថៃ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។ ភាគីកម្ពុជា ដឹកនាំដោយលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ឯភាគីថៃ ដឹកនាំដោយលោក វ៉ាត់ថៈណា វុតធិឆាត អភិបាលខេត្តស៊ីសាកេត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ ការជូបសម្របសម្រួលគ្នា ភាគីទាំងបានឯកភាពគ្នា តាមល័ក្ខខ័ណ្ឌមួយចំនួន តាមគោលការណ៍ នៃការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល រៀងៗខ្លួន។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងដល់ភាគីថៃ ជួយបន្ថូរបន្ថយ ករណីប័ណ្ណធានារ៉ាប់រងសុខភាព ដល់ពលរដ្ឋ អ្នកកាន់លិខិត ឆ្លងដែន (ប៉ាស្ព័រ) និងដល់ពលរដ្ឋ អ្នកកាន់ប័ណ្ណព្រំដែន (Border Pass) ចូលដីប្រទេសថៃ ដែលកំណត់រយៈពេល ៣ ថ្ងៃ ឱ្យមានសុពលភាព ៧ ថ្ងៃ ដូចកាលពីលើកមុន៕