ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី៖ «ទំនុកចិត្តមិនអាចសាងឡើងត្រឹមតែមួយថ្ងៃ ឬមួយរយៈពេលនោះទេ វាទាមទារពេលវេលា និងឆន្ទៈ»

ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ បានថ្លែងថា ទំនុកចិត្តមិនអាចសាងឡើងត្រឹមតែមួយថ្ងៃ ឬមួយរយៈពេលនោះទេ វាទាមទារពេលវេលា និងឆន្ទៈ។
ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ យ៉ាងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំជង្រុក និងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ដោយមានវត្តមានចូលរួមពីឯកឧត្តម សំ រិទ្ធី ប្រធានអនុគណៈកម្មការផ្នែកច្បាប់ និងនីតិវិធីនៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ព្រមទាំងឯកឧត្តមប្រធានក្រុមការងារគណបក្សចុះជួយស្រុកគងពិសី ប្រធានក្រុមការងារគណបក្សចុះជួយឃុំ ប្រធានគណៈកម្មាធិការគណបក្សឃុំ និងសមាជិក សមាជិកាបក្សនៃឃុំទាំងពីរ។
ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ទំនុកចិត្ត ក្តីស្រលាញ់ និងការគាំទ្រដែលប្រជាពលរដ្ឋផ្តល់ជូនគណបក្សប្រជាជនកម្ពុជាយើង មិនអាចកើតមានឡើយប្រសិនបើថ្នាក់ដឹកនាំមូលដ្ឋានយើងមិននៅជាប់ជាមួយពួកគាត់ជាប្រចាំ ដឹងសុខ ដឹងទុក្ខ រួមដំណើរជាមួយគ្នា និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ឱ្យបានទាន់ពេលវេលា។ ជាក់ស្តែង ឆន្ទៈ និងការតាំងចិត្តប្រកបដោយទំនួលខុសត្រូវខ្ពស់របស់កម្មាភិបាលគណបក្សប្រជាជនកម្ពុជា ដែលតែងមានវត្តមានជាប់ជាមួយប្រជាជន បម្រើប្រជាជន ក៏ដូចជាបន្តកសាងសមិទ្ធផលនានាដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនោះ គឺជាទំនៀមទំលាប់ និងគម្រូសកម្មភាពដែលឥស្សរជនជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប តែងបានបង្ហាញ និងណែនាំដល់សមាជិក សមាជិកាជាកម្មាភិបាលគណបក្សមូលដ្ឋាន ក្នុងការបំពេញការងារមហាជនតាមទីតាំងរៀងៗខ្លួន។
ទន្ទឹមនេះឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះវត្តមានចូលរួមរបស់សមាជិក សមាជិកានៃអង្គពិធី ដែលនេះពិតជាបានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្រ ការស្រលាញ់រាប់អាន និងការផ្តល់នូវភាពកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានចំពោះគណបក្សប្រជាជនកម្ពុជា៕
nmr