នេះពិតជារឿងដ៏ភ្ញាក់ផ្អើលនិងមិននឹកស្មាននៅពេលដែលបានដឹងថាកូនក្រមុំជាមេម៉ាយកូនមួយបានបោកប្រាស់កូនកំលោះប្រមូលយកលុយបណ្ណាការខ្ទេចគ្មានសល់បន្ទាប់ពីរៀបការហើយបានមួយថ្ងៃនិងសូម្បីតែរាត្រីទឹកឃ្មុំក៏ក្លាយជារាត្រីទឹកខ្មេះផងដែរ។
តាមគេហទំព័រ Sanook បានចុះផ្សាយឲ្យដឹងថា កូនកំលោះឈ្មោះ Suthichai អាយុ ២៩ ឆ្នាំ បានរៀបការជាមួយកូនក្រមុំឈ្មោះ Mae Ying Lao អាយុ ២៣ ឆ្នាំ កាលពីថ្ងៃទី១៨ ខែឧសភា។
ប៉ុន្តែបន្ទាប់រៀបការបានមួយថ្ងៃស្រាប់តែកូនក្រមុំរូបនេះបានលួចយកលុយបណ្ណាការនិងលុយចំណងដៃក្នុងស្រោមសំបុត្រគ្មានសល់និងគេចខ្លួនបាត់ស្រមោលតែម្តង។
បន្ទាប់រឿងនេះបានកើតឡើង សារព័ត៌មានបានទៅផ្ទះលោក Suthichai និងបានឃើញថា ផ្ទះរបស់គាត់ជាផ្ទះសុីម៉ងត៍មួយជាន់ ហើយនៅខាងមុខផ្ទះ គាត់ និងម្តាយរបស់គាត់អ្នកស្រី Hug អាយុ ៥១ ឆ្នាំ បានកំពុងនិយាយអំពីបញ្ហានេះទាំងទឹកមុខស្រងោតស្រងាត់។
លោក Suthichai បានរៀបរាប់ឲ្យដឹងថា លោកមានមុខរបរធ្វើការក្នុងចម្ការកៅស៊ូ និងដំណាំកសិកម្ម។ គាត់រៀនបានត្រឹមថ្នាក់បឋមសិក្សាប៉ុណ្ណោះ ហើយក៏ជាកូនប្រុសតែមួយគាត់នៅក្នុងគ្រួសារ។ កន្លងមក កូនក្រមុំជាជនជាតិឡាវ មានកូនប្រុសអាយុ៥ឆ្នាំបានបែកគ្នាជាមួយប្តី បានទៅលេងសាច់ញាតិនៅក្នុងភូមិ ហើយពេលនោះ គ្រួសារគាត់ឃើញថាមិនមានគ្រួសារ ក៏ចង់បានរៀបការជាមួយ។
លោក Suthichai បន្តថា ពេលឃើញនាងលើកដំបូង គាត់ពិតជាលង់ស្នេហ៍ និងចូលចិត្តយ៉ាងខ្លាំង ហើយមិនយូរប៉ុន្មាន លោកក៏បានសម្រេចចិត្ដធ្វើការសុំអ្នកមេម៉ាយជនជាតិឡាវរូបនោះរៀបការតែម្ដង ដោយខាងស្រីបានធ្វើការបង្គាប់ថ្លៃបណ្ដារការចំនួន ២៥,០០៩ បាត (ប្រមាណជាង ៧៣០ ដុល្លារ) មាស ១បាត និងយល់ព្រមធ្វើពិធីរៀបការតូចតាច ដោយមានការចូលរួមតែពីក្រុមគ្រួសារ និងសាច់ញាតិជិត ៥០ នាក់ប៉ុណ្ណោះ។ ប៉ុន្តែ អ្វីដែលស្ទើរធ្លាក់ថ្លើមក្ឌុកនោះ គឺបន្ទាប់រៀបការបានមួយយប់ នៅថ្ងៃបន្ទាប់ ស្រាប់តែកូនក្រមុំបានលួចយកលុយថ្លៃបណ្ដារការ និងព្រមទាំងលុយចំណងដៃគ្មានសល់ ដាក់មេប្រូចបាត់ស្រមោល ដោយទុកឱ្យគាត់ និងម្តាយសងថ្លៃទំនិញ អាហារនិងភេសជ្ជៈចំនួន ៥ ម៉ឺនបាត (ប្រមាណ ១,៤៦០ ដុល្លារ) ទាំងទឹកភ្នែក។
កូនកំលោះរូបនេះ ក៏បានឲ្យដឹងទាំងឆ្អែតចិត្តថា ពេលមង្គលការចប់ យប់ជ្រៅ កូនក្រមុំបាននាំកូនប្រុសរបស់នាងមកគេងក្នុងបន្ទប់ ដោយដាក់ឃាំងនៅចន្លោះកណ្តាល ហើយនៅពេលកូនដេកលក់ គាត់សុំគេងជាមួយ កូនក្រមុំបានបដិសេធ និងបាននិយាយលួងលោមថា សូមទ្រាំរង់ចាំសិនទៅ គឺបន្ទាប់នាងទៅធ្វើជំនួញនៅស្រុកថាលី រយៈពេលតែ ២-៣ ថ្ងៃ ប៉ុណ្ណោះ នឹងត្រឡប់មកវិញហើយ។
តែទោះយ៉ាងណា នេះគ្រាន់តែពាក្យកុហកប៉ុណ្ណោះ ព្រោះថា បន្ទាប់ចាកចេញទៅ កូនក្រមុំជាមេម៉ាយកូន១ជើងល្អរូបនេះ បានបិទទូរស័ព្ទទាក់ទងលេងចូលតែម្តង។
បន្ទាប់ពីបានដឹងថា កូនក្រមុំរូបនេះបោកប្រាស់ កូនកំលោះ និងម្តាយរបស់គាត់ បានទៅប្តឹងប៉ូលីស Muang Loei។ លោក Suthichai បាននិយាយថា «ចំពោះបញ្ហានេះ ខ្ញុំទុកពេលឲ្យនាងយកលុយមកប្រគល់ឲ្យខ្ញុំវិញហើយខ្ញុំក៏ត្រៀមខ្លួនដកពាក្យបណ្តឹងវិញដែរ»។ លោកក៏បានផ្តាំថា «សូមនាងកុំធ្វើទង្វើបោកប្រាស់បែបនេះជាមួយអ្នកផ្សេងទៀត ព្រោះលុយគេរកបានមកដោយលំបាកណាស់»៕