ជីវិតនិងសង្គម ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន!ក្រុមចោរលែងល្បិចដាក់ល្បោយដោយបន្លំខ្លួនចូលទៅទិញទឹកផឹករួចលួចយកម៉ូតូបាន១គ្រឿងតែអស់ល័ក្ខត្រូវអ្នកស្រុកដេញចាប់បានភ្លាមៗ

ភ្នំពេញ៖ ជនសង្ស័យ ១ក្រុម បានបន្លំខ្លួន ចូលទៅរកទិញទឹកផឹក នៅផ្ទះលក់ដូរមួយកន្លែង បន្ទាប់មក ក៏បានលួចយកម៉ូតូ ១គ្រឿង មិនតែប៉ុណ្ណោះ ខណៈម្ចាស់ម៉ូតូ ព្យាយាមចាប់ទាញយកម៉ូតូមកវិញ ត្រូវជនសង្ស័យ រុញបណ្ដាលឲ្យដួលត្រឡប់ត្រឡិនថែមទៀតផង។

លុះពេលប្លន់បានសម្រេច ក៏បានជិះគេចខ្លួន ហើយម្ចាស់ម៉ូតូ បានស្រែកថា «ចោរ» បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ជួយដេញតាម ចាប់បានម្នាក់ភ្លាមៗ និងយកម៉ូតូមកវិញ។ រីឯបក្សពួកផ្សេងទៀត គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣ និង ៥០នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅក្នុងភូមិព្រៃរឹង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើ ពុំទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ តែមានអាយុប្រហែល ២០ឆ្នាំ ត្រូវប្រជាពលរដ្ឋវាយសន្លប់ស្ដូក។ ប៉ុន្តែមុនពេលសន្លប់ បានប្រាប់ថា ខ្លួនស្នាក់នៅភូមិសាមគ្គីទី៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជននេះ និងបក្សពួក បានលួចយកម៉ូតូ ១គ្រឿង ម៉ាក Honda Beat ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1H-4602 ដែលជាកម្មសិទ្ធិ ឈ្មោះ ស្រីនីត ភេទ ស្រី អាយុ ២០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។

តាមអ្នកភូមិ នៅមុនពេលកើតហេតុ នារីរងគ្រោះ និងប្អូនស្រីម្នាក់ទៀត នៅផ្ទះលក់ដូរ។ ចំណែកឪពុកម្ដាយបានទៅចូលរួមមង្គលការបងប្អូន នៅឯខេត្តស្វាយរៀង។ លុះដល់ពេលកើតហេតុ ស្រាប់តែជនសង្ស័យខាងលើ និងបក្សពួកប្រមាណ ៤នាក់ទៀត បានទៅឈប់នៅមុខផ្ទះលក់ដូរនោះ ហើយជនសង្ស័យម្នាក់បានដើរចូលទៅរកទិញទឹកផឹក។ បន្ទាប់មក នៅពេលជនរងគ្រោះ កំពុងបើកធុងយកទឹកឲ្យជននេះ បក្សពួកបានធ្វើសកម្មភាពលួចយកម៉ូតូ ដែលជនរងគ្រោះទុកនៅក្នុងផ្ទះ និងមានសោជាប់ស្រាប់ផងនោះ បញ្ឆេះ ដើម្បីជិះរត់គេចខ្លួនចេញ។

អ្នកភូមិខាងលើ បានប្រាប់ថា ភ្លាមៗនោះ ជនរងគ្រោះ ២នាក់បងប្អូន បាននាំគ្នារត់ទៅទាញដណ្ដើមយកម៉ូតូរបស់ខ្លួនមកវិញ ប៉ុន្តែត្រូវបានជនសង្ស័យចាប់គ្រវាសដៃចេញ បណ្ដាលឲ្យដួលរងរបួសទាំង ២នាក់ បងប្អូន ហើយចោរជិះម៉ូតូគេចខ្លួនបែកផ្លូវគ្នាតែម្ដង។ បន្ទាប់មក ជនរងគ្រោះ បានស្រែកថា «ចោរ» បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិ នាំគ្នាជួយដេញតាមចាប់ រហូតដល់ផ្លូវរថភ្លើងខ្សែភ្នំពេញ – បាត់ដំបង ស្ថិតនៅក្នុងភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល ចម្ងាយប្រមាណជាង ១គីឡូម៉ែត្រពីកន្លែងកើតហេតុ ដោយសារតែភ័យ និងអ្នកភូមិដេញតាមពេកជនសង្ស័យ បានជិះម៉ូតូធ្លាក់ផ្លូវ ជ្រុលទៅបុករបងឈើ និងឫស្សីដីចម្ការមួយកន្លែង ទៅមុខលែងរួច ទើបត្រូវអ្នកភូមិចាប់ខ្លួនបាន រួចវាយទាត់ធាក់ម្នាក់ ១ដៃ ១ជើង របួសសន្លប់ស្ដូក។

ប្រភពដដែលបានប្រាប់ថា ខណៈនោះ អ្នកភូមិបានយកម៉ូតូ ដែលជនសង្ស័យលួចបានពីជនរងគ្រោះនោះត្រឡប់មកវិញ ដោយឡែក ជនសង្ស័យ ដែលជាបក្សពួក ៤នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់អស់។ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ស្នោរ បានចុះទៅកាន់នាំយកជនសង្ស័យខាងលើ ទៅសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមច្បាប់ ខណៈដែលជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នោះហើយដែរ៕

nmr