ភ្នំពេញ: បុរសម្នាក់ត្រូវបាននគរបាលចរាចរណ៍ធ្វើការឃាត់ខ្លួន បន្ទាប់ពីល្មើសច្បាប់ចរាចរណ៍ និងមិនស្តាប់ការអប់រំណែនាំ របស់សមត្ថកិច្ច ព្រមទាំងយកខ្សែក្រវ៉ាត់វាយចំសមត្ថកិច្ចបន្ថែមទៀត ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ស្តុប ស្ពានដែក ចំការដូង តាមបណ្ដោយផ្លូវលេខ២១៧ មូលដ្ឋាន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ត្រីជំនាញបានឲ្យដឹងថា បុរសបង្កហេតុមានឈ្មោះ ប៊ូ សុខមាន មុខរបរកម្មករសំណង់ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ បានបើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនពាក់មួកសុវត្ថិភាពនៅពេលបើកបរ លុះសមត្ថកិច្ចធ្វើការឃាត់ ដើម្បីណែនាំអប់រំ បែរជាមិនស្តាប់ ថែមទាំងជេរប្រមាទមើលងាយ និងយកខ្សែក្រវ៉ាត់វាយសមត្ថកិច្ចថែមទៀតផង។
ដោយឃើញសកម្មភាពប្រើអំពើហិង្សាមកលើសមត្ថកិច្ចដូច្នេះ មន្ត្រីនៅគោលដៅអនុវត្តច្បាប់ក៏ធ្វើការចាប់ឃាត់ខ្លួន យកមកធ្វើការសួរនាំនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕